ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារទី៣ខែ វិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យរួមទាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនិងរងគ្រោះដោយទឹកជំនន់ចំនួន១០០គ្រួសារ។ ក្នុងនោះផងដែរមានការចូលរួមពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងក្រុមកាងារសង្កាត់ រួមទាំងព្រះចៅអធិការវត្តជម្ពូវ័ន។
អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនោះមានដូចជា៖ អង្ករ១បាវស្មេី២៥គីឡូក្រាម មីមួយកេស ទឹកត្រី ទឹកស៊ីអុីវ រួមទាំងថវិកា៥ម៉ឺនរៀល។ ពិធីចែកអំណោយនេះធ្វើឡើងនៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពែញ ។
ក្នុងឱកាសនោះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រង រួមទាំងក្រុមប្រឹក្សាសង្កាត់ទាំងអស់បានថ្លែងអំណរអរគុណដល់ម្ចាស់អំណោយទាំងអស់សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សុខាសែនជ័យ