សារព័ត៌មាន Al-Jazeera កាលពីថ្ងៃទី៤ខែវិច្ឆិកា បានផ្សាយថា មានកម្មករ១២នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅភាគខាងលិចប្រទេសឥណ្ឌា។
អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះឥណ្ឌា (NDRF) បានប្រកាសថា បានរកឃើញសាកសពកម្មករ១២នាក់នៅក្នុងរោងចក្រ ស្ថិតនៅទីក្រុងAhmedabad រដ្ឋ Gujarat។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើបានបំផ្លាញជញ្ជាំងឃ្លាំងបណ្តាលឲ្យមានការឆាបឆេះយ៉ាងខ្លាំង ។ ក្រៅពីអ្នកស្លាប់១២នាក់ នៅមានអ្នករងរបួស៩នាក់ផងដែរ។
សារព័ត៌មានAl-Jazeera បានផ្សាយថា ហេតុការណ៍ផ្ទុះខាងលើ បង្កឡើងដោយការឆេះនៅក្នុងរោងចក្រគីមី ។ កម្លាំងពន្លត់អគ្គិភ័យជាង៥០នាក់និងរថយន្តជាច្រើនគ្រឿងបានខិតខំទប់ស្កាត់ការឆាបឆេះ។
គ្រោះថ្នាក់តែងតែកើតឡើងនៅតំបន់ឧស្សាហកម្មឥណ្ឌាដោយមូលហេតុក្រុមហ៊ុន រោងចក្រទាំងនោះមិនគោរពច្បាប់សុវត្ថិភាព ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi បានស្នើដល់មន្ត្រីក្នុងតំបន់ជួយដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់ខាងលើ៕ដោយ៖ធី រីណា