ព័ត៌មានទាន់ហេតុការណ៍៖

នាយនាវី នាយនាវីរង និងពលនាវឹក នៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៌ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនកងទ័ពនៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ខណៈដែលរដូវរងាបាន និងកំពុងឈានមកដល់។  

ពិធីចែកអាវរងាបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការការពារកោះឆ្នេរ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ នាយទាហានជាច្រើនរូបផងដែរ។ 

នៅចំពោះមុខកងកម្លាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន  បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមេបញ្ជាការ នាយនាវី នាយនាវីរង និងពលនាវឹក ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ក៏ដូចជាការងារហ្វឹកហ្វឺន និងកសាងអង្គភាព។

នាយឧត្តមសេនីយ៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងទ័ព និងតែងជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ពយើង។ ជាក់ស្ដែងកន្លងមកនេះ សម្តេចតែងបានចាត់តំណាងឲ្យនាំយកអាវភ្លៀងផ្តល់ជូនមុននៅរដូវភ្លៀង និង ផ្តល់អាវរងានៅមុនរដូវរងាមកដល់។ 

ក្រៅពីការបង្ហាញនូវការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏នៅបានលើកបង្ហាញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និង ការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនអគតិណាមកបំផ្លិចបំផ្លាញនោះឡើយ។

នាយឧត្ដមសេនីយ៍ បានបន្តលើកឡើងថា សុខសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានេះ គឺបានដោយលំបាក ដោយការធ្វើពលិកម្មរាប់មិនអស់ និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។  

បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ។  ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។ 

ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះ ឆ្នេរ តំណាងឲ្យនាយ និងពលនាវឹកទាំងអស់ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអាវរងា ដល់កងកម្លាំងនាពេលនេះ។ ជាមួយនោះ លោកមេបញ្ជាការ បានប្តេជ្ញាដាច់ខាត អនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងប្រឆាំងដាច់ខាតនូវរាល់ទង្វើរបស់ជនទុច្ចរិត និងជនអគតិទាំងឡាយ ដែលតែងតែប្រឌិត មូលបង្កាច់ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖