ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យចំពោះអ្នកដែលចោលសំរាមគ្មានសណ្ដាប់ធ្នាប់ មិនត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យហើយបើប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដែលលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះសំអាតប្រមូលសំរាម និងផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់COVID-19 នៅក្នុងមូលដ្ឋានខណ្ឌទួលគោក នៅព្រឹកថ្ងៃទី៧ ខែវិថ្ឆកា ឆ្នាំ២០២០។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ការបង្កើតឲ្យមានពិធីប្រមូលសម្អាតសំរាមនៅតាមទីសាធារណៈនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រស់នៅស្អាត ជៀសវាងបាននូវជំងឺផ្សេងៗ។

លោក ឯក ឃុនដឿន បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅដោយភាពស្អាតនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងបរិស្ថានបានបង្កើតឲ្យមានការដេញថ្លៃ ជ្រើសរើស ក្រុមហ៊ុនប្រមូលសំរាមចំនួន៣ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ។

បន្ថែមពីនេះទៀត លោកក៏បានបញ្ជាក់ថា ក្រោយពីបង្កើតឲ្យមានក្រុមហ៊ុនប្រកួតប្រជែងគ្នាលើការប្រមូលសម្រាម និងក្រោយពីមានការផ្សព្វផ្សាយ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយនោះអាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវហើយ។

លើសពីនេះទៅទៀត លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ទៀតថា សម្រាប់ខណ្ឌទួលគោកក្នុងមួយថ្ងៃៗ ដឹកសំរាមចេញទៅចាក់នៅទីលានចាក់សំរាមបាន ប្រមាណ៣០០តោនក្នុងមួយថ្ងៃ ។ ការខិតខំប្រឹងប្រែងកន្លងមកនេះបានធ្វើឲ្យខណ្ឌទួលគោកមានសណ្ដាប់ធ្នាប់ មានបរិស្ថានល្អប្រសើររហូតដល់ជាប់ចំណាត់ថ្នាក់ ដោយទទួលបានផ្កាកុលាបពីរទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលកន្លងទៅ។

ពិសេសជាងនេះទៀតនោះ ក្រៅពីដើរប្រមូលសំរាម ការផ្សព្វផ្សាយអំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនោះ អាជ្ញាធរខណ្ឌទួលគោក៏បានធ្វើការផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ខណៈដែលនៅពេលនេះជំងឺកូវីដ-១៩បាននិងកំពុងរីករាលដាលនូវឡើយនោះ៕

ដោយ៖  រ៉ារ៉ា


ចែករំលែក៖