ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងទាំងអស់គ្នា ហើយចំណែកឯវ៉ាក់សាំងសម្រាប់ការព្យាបាលក៏មិនទាន់មានពិតប្រាកដនៅឡើយដែរនោះ ធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោកបាននិងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ហើយតួលេខក៏បានកើនឡើងជិត៥០លាននាក់ដែរ ខណៈ អ្នកស្លាប់បានកើនដល់១លាន២៤ម៉ឺននាក់នៅទូទាំងពិភពលោក។ ដោយមើលឃើញពីភាពផុយស្រួយក្នុងការឆ្លងនិងចម្លងលឿនបែបនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តបើកយុទ្ធនាការផ្សព្វផ្សាយបន្ថែមនូវអ្វីដែលក្រសួងសុខាភិបាលបានធ្វើការណែនាំឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមបើកយុទ្ធនាការជាថ្មីម្តងទៀត ដោយប្រើប្រាស់មធ្យោបាយឧឃោសនស័ព្ទ តាមរយៈម៉ូតូកង់បី និងតុកតុក ចុះផ្សព្វផ្សាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤និងសង្កាត់១០៥របស់រាជធានីភ្នំពេញ ។
ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញជាអធិបតីពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនៅបរិវេណមុខមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
តាមរបាយការណ៍លោក នួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងចំនួន២លើកទី១ថ្ងៃនេះយើងជួបជុំគ្នាចំនួន៥ខណ្ឌនៅក្នុងរាជធានីភ្នំពេញ រួចយើងបែងចែកគ្នាដើម្បីចុះផ្សព្វផ្សាយតាមមូលដ្ឋានខណ្ឌនិងសង្កាត់រៀងៗខ្លួន។ លើកទី២យើងធ្វើ គ្រប់ខណ្ឌនិងគ្រប់សង្កាត់ទាំងអស់ ដើម្បីបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ហើយឲ្យគាត់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះបន្តទៀត។ ព្រោះថាកូវីដមិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងទាំងអស់គ្នាទេ។ លោកបានបន្តថា៖ ការចូលរួមរបស់បងប្អូនដែលជាប្រតិបត្តិករក្នុងរបររត់តុកតុកឬ ម៉ូតូកង់បីនេះ ពិតជាមានសារៈសំខាន់ណាស់ គឺធ្វើខ្លួនឯងនិងក្រុមគ្រួសារផង និងដើម្បីសង្គមជាតិផង។
ដោយឡែកលោក អៀង ផាត អ្នកឯកទេសកម្មវិធីអភិវឌ្ឍន៍តំបន់ទីក្រុងនៃអង្គការUnicef បានលើកឡើងថា បញ្ហាកូវីដមិនមែនជារឿងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជារឿងយើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងពីវីរុសកូវីដ-១៩នេះគ្រប់ៗគ្នា។ ប្រសិនបើសហគមន៍ណាមួយឆ្លង ឬប្រទេសណាមួយមានអ្នកឆ្លងម្នាក់ វានឹងបន្តឆ្លងទៅអ្នកដទៃ ប៉ុន្តែវាគ្រាន់តែរង់ចាំពេលវេលាដើម្បីចម្លងទៅអ្នកផ្សេងប៉ុណ្ណោះ ។
លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា យើងទទួលបានជោគជ័យដោយផ្តើមចេញពីកត្តាបុគ្គល ពោលគឺការយល់ដឹង ការផ្សព្វផ្សាយនេះជាមធ្យោបាយដ៏ប្រសើរ ដែលផ្តើមចេញពីគណៈបញ្ជាការឯកភាព ក្រោមការដឹកនាំរបស់ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ។ លោកមាន ចាន់យ៉ាដា លើកឡើងថា យុទ្ធនាការនេះពិតជាមធ្យោបាយមួយដ៏ល្អដើម្បីគោះជួងពញ្ញាក់អារម្មណ៍បង្កើនស្មារតីប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋរបស់យើងក្នុងរាជធានីភ្នំពេញគ្រប់សង្កាត់ទាំង១០៥ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ពីព្រោះវីរុសកូវីដ-១៩មិនទាន់ទៅណាឆ្ងាយពីយើងគ្រប់គ្នាទេ។
ម្យ៉ាងទៀតសារនេះនឹងត្រូវផ្សព្វផ្សាយទូទាំងប្រទេសឲ្យបងប្អូនយើងបានយល់ដឹង មានការប្រុងប្រយ័ត្ននិងការចូលរួមអនុវត្តតាមការណែនាំនានាឲ្យបានម៉ឺងមាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជា មានវត្តមានជំងឺឆ្លងដ៏កាចសាហាវនេះចាប់តាំងពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ តាមរយៈជនជាតិចិនម្នាក់ដែលក្រសួងសុខាភិបាលរកឃើញនៅខេត្តព្រះសីហនុ។ បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២៩៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ២៨៨នាក់និងអ្នកកំពុងសម្រាក់ព្យាបាល៦នាក់គិតត្រឹមព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕ សំរិត