ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ពីលោកប្រធានាធិបតី ស៊ី ជិនពីង

ចែករំលែក៖

ភ្នំពេញ៖ ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីលោកប្រធានាធិបតី ស៊ី ជិនពីង។

ក្នុងសារលិខិតអបអរនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ មានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិ ដែលឯកឧត្តម ស៊ី ជិនពីង XI JING PING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេសថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា «ការទទួលបានគ្រឿងឥស្សរិយយស មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវភាពស្និទ្ធស្នាល មិត្តភាពដ៏រឹងមាំ នៃការទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អចំពោះរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន»។

ជាថ្មីម្តងទៀត នាឱកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្ដែងថ្វាយនូវអំណរសាទរឥតឧបមា និងសូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលបោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖