ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋានភ្នំនាងកង្រី ពិតជាត្រូវបានប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានស្គាល់និងឮ រហូតដល់បង្កើតជារឿង«ឬទ្ធិសែននាងកង្រី » ។ ភ្នំនាងកង្រីមានសម្រស់ព្រៃភ្នំ និងទឹកទន្លេជាប់ជើងភ្នំជាការទាក់ទាញបំផុត ជាពិសេសទេសចរអាចទៅកម្សាន្តគ្រប់រដូវកាល។ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ៖ រមណីយដ្ឋានភ្នំនាងកង្រី ជាតំបន់ទេសចរណ៍មួយ មានទីតាំងស្ថិតក្នុងឃុំ ចំនួន២ គឺឃុំពោធិ និងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ទស្សនីយភាពធម្មជាតិ ភ្នំនាងកង្រី បានបង្ហាញពីរូបរាងភ្នំយ៉ាងចម្លែក គឺដូចជារាងមនុស្សស្រីកំពុងដេក ។ នៅលើភ្នំនាងកង្រី ក៏មានដើមឈើតូចធំជាច្រើនប្រភេទ និងមានទន្លេយ៉ាងធំល្វឹងល្វើយ អាចឱ្យអ្នកទេសចរជាតិអន្តរជាតិ ជិះទូកកម្សាន្ត គយគន់មើលពីសម្រស់ភ្នំនាងកង្រី ពីត្រើយម្ខាងនៃទន្លេផ្សារក្រោមផងដែរ។
សូមជម្រាបជូនថា ៖ ខេត្តដែលនៅជាប់ជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប សំបូរទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ក៏ដូចជាប្រាសាទបុរាណជាច្រើន ត្រូវបានអភិរក្សការពារ និងថែរក្សា ជាពិសេសបានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ធ្វើឲ្យចំណូលសេដ្ឋកិច្ចពីតំបន់ឧស្សាហកម្មអត់ផ្សែងនេះ ចូលជាថវិការបស់ជាតិ និងមួយភាគទៀត ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរ សម្រាប់ការរកទទួលទានប្រចាំថ្ងៃនោះផងដែរ៕
ដោយ៖ សិលា