ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលួចលេងល្បែងបញ្ជល់មាន់​នៅក្បែរផ្លូវសេះស​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ចុះបង្ក្រាប​ តែឃាត់មិនបានមនុស្សនិងមាន់ជល់ទេ

ចែករំលែក៖

      ភ្នំពេញ​ ៖​  បន្ទាប់ពីទទួលបានព័ត៌មានថា​ មាន​ករណីលួចលេងល្បែងបញ្ជល់មាន់​ នៅក្នុងភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​មានជ័យ​ រួចមក នៅរសៀលថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន​ជ័យ៣បានចុះទៅបង្ក្រាប​ តែក្រុមអ្នកលេងល្បែង​ហាក់ដឹងខ្លួនមុនបាននាំគ្នា​យកមាន់ជល់​និងសម្ភារផ្សេងៗរត់គេចបាត់អស់​ ។ 

    ក្នុងប្រតិបត្តិការ​នេះ​ លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​ បានប្រាប់ថា​ ក្រោយពីលោកទទួលបានព័ត៌​មាន​ពីការចុះផ្សាយរបស់សារព័ត៌មាន​ថាចំណុចទីតាំងខាងលើមាន​បើកល្បែងសុីសងបញ្ជល់មាន់​មក លោកក៏បានដឹកនាំកម្លាំងចុះ​ទៅបង្ក្រាប​ជាក់ស្ដែង​ ខណៈពេលកម្លាំងរបស់លោកទៅដល់ស្រាប់​តែក្រុមអ្នកញៀនល្បែងទាំងនោះរត់​បាត់អស់​ ។ លោកបន្តថា​ បើសិនជាមានការលួច​លេងទៀតលោកនឹងចុះបង្ក្រាបបន្តទៀត​ ។

    លោកនាយ​ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​បានសំណូមពឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហកា​រ រាយការណ៍ជូនសមត្ថកិច្ច​បើសិនជាមានករណីល្បែងសុីសងឬករណី​អ្វី​ផ្សេងៗ​ផងដែរ ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖