ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមនចុះផ្អាកក្លឹបរាត្រី៥កន្លែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានសម្រេចផ្អាកអាជីវកម្មក្លឹបរាត្រី នៅក្នុងមូលដ្ឋានខណ្ឌចំការមនចំនួន៥កន្លែង ដែលក្លឹបទាំងនេះមិនបានផ្អាកដំណើរការរបស់ខ្លួន តាមវិធានការ របស់ក្រសួងសុខាភិបាល។

លោកបន្តថា៖ ក្រោយពីទទួលបានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះផ្អាកក្លឹបកំសាន្តទាំងនេះ ដើម្បីទប់ស្កាត់កូវីដ-១៩។
សូមបញ្ជាក់ថា៖ ក្រសួងទេសចរណ៍ណែនាំជាថ្មី ដល់អភិបាលនៃគណៈអភិបាលរាជធានីខេត្ត បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន)។
អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញលិខិតជូនដំណឹង ជម្រាបជូន លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យហេតុនេះ សូមលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់ បន្តការត្រួតពិនិត្យ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ស្តីពីការបន្តបិទសកម្មភាព អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្កាឌិន) ឱ្យមានប្រសិទ្ធភាព៕

ដោយ៖សិលា


ចែករំលែក៖