ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ វិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក មានដូចខាងក្រោម៖
ទី១-នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (មានដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។
ទី២-តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកម្តៅលើពី៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។
ទី៣-នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
– រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/បង្គន់ផ្សេងពីគ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។
– ពាក់មាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
ទី៤-ប្រើប្រាស់សម្ភារៈដោយឡែកពីសមាជិកគ្រួសារ
– ហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានស្អាតល្អបន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ឱ្យបានស្អាត និងហាលថ្ងៃឱ្យបានល្អ
ទី៥-លាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់
– លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬប្រើអាល់កុល ឬជែលលាងដៃឱ្យបានញឹកញាប់ មុន និងក្រោយពេលចម្អិតអាហារ មុននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់
ទី៦-ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់
– ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសំរាម ហើយលាងសម្អាតដៃភ្លាមៗ។
ទី៧-បរិភោគម្ហូបអាហារដែលចម្អិតបានល្អ
– ម្ហូបអាហារត្រូវចម្អិតឱ្យបានល្អ។ បរិភោគអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។
ទី៨-អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ
– ធ្វើកិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណក្នុងផ្ទះ
– សម្អាតបន្ទប់រស់នៅផ្ទះខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗជារៀងរាល់ថ្ងៃ។
ទី៩-បញ្ចប់ការអនុវត្តចត្តាឡីស័ក
– អនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវ តាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្តកូវីដ-១៩ «អវិជ្ជមាន» ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
ទី១០-ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់
– បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសផ្លូវការ ពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ដោយបញ្ជាក់ពីលទ្ធផលអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន១១៤០នាក់ «អវិជ្ជមានកូវីដ-១៩» ខណៈរកឃើញភាពវិជ្ជមានតែ៣នាក់លើតំណាងរាស្ត្រ និងមន្ត្រី។
អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

ដោយ៖សិលា


ចែករំលែក៖