ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញចេញប្រតិបត្តិការចែកម៉ាស់ក្រណាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការចែកម៉ាស់ក្រណាត់ ចំនួន២ម៉ឺនម៉ាស់ ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនចំនួន២លានម៉ាស់តាមរយៈសាលារាជធានីភ្នំពេញយកទៅចែកជូនប្រជាពលរដ្ឋតាមគោលដៅមួយចំនួន ដោយក្នុងម្នាក់ៗទទួលបានម៉ាស់ចំនួន២ សម្រាប់ធ្វើការផ្លាស់ប្តូរគ្នា ព្រោះម៉ាស់នេះមានប្រសិទ្ធភាពអាចប្រើប្រាស់បានច្រើនដង  ដោយបោកទឹកហាលថ្ងៃយកមកប្រើប្រាស់វិញបាន។  ប្រជាពលរដ្ឋដែលអាវុធហត្ថរាជធានីភ្នំពេញចេញចែកម៉ាស់ជូនរួមមាន អ្នកធាក់ស៊ីក្លូ , អ្នករត់ម៉ូតូឌុប , ម៉ូតូកង់បី , កម្មករសំណង់ , អ្នកបោសសម្អាតតាមផ្លូវ , អ្នកលក់ដូរតាមកញ្ច្រែង , ប្រជាពលរដ្ឋដែលអង្គុយរង់ចាំនៅបរិវេណមុខមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យផ្សេងៗ អ្នកហាត់ប្រាណតាមទីសាធារណៈ និងអ្នកបើកបរម៉ូតូ កង់ តាមដងផ្លូវ…។ល។ ដោយប្រើប្រាស់មធ្យោបាយម៉ូតូកង់បីចំនួន១២គ្រឿង ចល័តតាមគោលដៅ តាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

សកម្មភាពចែកម៉ាស់ដល់ប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និង បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់។

ដោយឡែកក្រៅពីការចែកម៉ាស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចងក្រងការណែនាំ អំពីវិធីប្រើប្រាស់ម៉ាស់ និងធ្វើការសង្ខេបនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ធ្វើការផ្សព្វផ្សាយ រំលឹកដល់សាធារណជន តាមរយៈឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ទាំង១២គ្រឿងផងដែរ៕

 ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖