ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ចែករំលែក៖

ភ្នុំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី ភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតង ក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់ គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា ចេះបច្ចេកទេសដាំបន្លែ និងកសិផលនានា តាមបែបទំនើប របស់ជប៉ុន ដើម្បីទទួលបាន កសិផល ដែលមានគុណភាព-សុវត្ថិភាពខ្ពស់ យកទៅផ្គត់ផ្គង់តម្រូវការ ម្ហូបអាហារ ក្នុងវិស័យទេសចរណ៍ និងអាចឈាន ដល់ការនាំចេញ ទៅលក់នៅ ប្រទេសជប៉ុន។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោក ថោង រដ្ឋស័ក្តិ អគ្គនាយក នៃអគ្គនាយក ដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៊ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុន ម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា  កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។

លោក ថោង រដ្ឋស័ក្តិ បានឲ្យដឹងថា គោលបំណង នៃការចុះអនុស្សរណៈនេះ គឺដើម្បីគាំទ្រ លក្ខណៈបច្ចេកទេស ដាំបន្លែដែលមាន គុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ ផ្គត់ផ្គង់ ដល់តម្រូវការម្ហូបអាហារ នៅតាមគោលដៅ ទេសចរណ៍នានា ក្នុងប្រទេស និងអាចនាំចេញទៅលក់ នៅប្រទេសជប៉ុន ថែមទៀតផង។ កិច្ចការនេះ ក៏ជំរុញការយល់ដឹង ទៅដល់ប្រជាកសិករកម្ពុជា ឱ្យចេះដាំដុះ និងថែទាំបន្លែ ក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មី ដែលធានាបាននូវស្ដង់ដាគុណភាព និងសុវត្ថិភាពខ្ពស់។

លោកថោង រដ្ឋស័ក្តិ បានបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥  នៅពេលផុតអាណត្តិនេះ  ភាគីទាំងពីរ នឹងបន្តពិភាក្សាអំពីការបន្តគម្រោង ទៅមុខទៀត។ គម្រោងអភិវឌ្ឍន៍ ទ្រង់ទ្រាយធំនេះ នឹងចាប់អនុវត្តចេញ ពីស្រុកបារាយណ៍ ខេត្តកំពង់ធំមុនគេបង្អស់ ដោយសារនៅភូមិសាស្ត្រស្រុកនេះ សម្បូរទៅដល់ ប្រព័ន្ធធារាសាស្ត្រ ដូចជា ស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយ ស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំ នេះទៅ គម្រោងអភិវឌ្ឍន៍ នឹងបន្តអនុវត្ត នៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្តទៀតថា នៅពេលផលិត បានជាបន្លែ និងកសិផលផ្សេងទៀតហើយ ក្រុមហ៊ុន ចែកចាយ ដែលជាគ្រុប របស់ក្រុមហ៊ុន ម៉ាយ៉ាតុហ្គ្រីន នឹងនាំយកទៅ ចែកចាយ នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានា ក្នុងគោលដៅទេសចរណ៍ ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិ ភាគឦសាន តំបន់ឆ្នេរសមុទ្រ ក៏ដូចជា នៅផ្សារ អុីអន ម៉ល និងនៅតាមបុរីលំ នៅដ្ឋានមួយចំនួន នៅរាជធានីភ្នំពេញ ដូចជា បុរី ប៉េង ហួត ជាដើម ដែលមកដល់ ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន មានទីផ្សារលក់បន្លែ និងកសិផល នៅក្នុងដៃរបស់ខ្លួនច្រើនដែរ។

លោក ណាបេស៊ីម៉ា កាតស៊ូហ៉ីតុ បានឱ្យដឹងថា ក្រុមហ៊ុន យ៉ាម៉ាតុហ្គ្រីនរ៉ាប់រង លើការផលិត វេចខ្ចប់ និងចែកចាយ នៅប្រទេសកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅ ប្រទេសផងដែរ ពិសេសគឺប្រទេសជប៉ុន។

លោក បានបន្តថា ប្រជាជនជប៉ុន បានចាប់អារម្មណ៍ខ្លាំង មកលើ ប្រទេសកម្ពុជា លើចំណុចដែល ប្រជាកសិករ ដាំដុះបន្លែ និងដំណាំផ្សេងៗនោះ មិនសូវប្រើជីគីមី ឬសារធាតុ ដែលនាំឱ្យ ប៉ះពាល់ ដល់សុខភាព ខណៈ ផ្ទៃដីកសិកម្ម នៅកម្ពុជា ក៏ធំទូលាយ និងសម្បូរធនធានទឹក សម្រាប់ស្រោច ស្រពច្រើនផងដែរ ដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើម ដែលប្រការនេះ ពិតជា អំណោយផល ដល់ការដាំដុះដំណាំខ្លាំងណាស់។ ប៉ុន្តែដោយសារ ប្រជាជនកម្ពុជា និយមធ្វើតែកសិកម្ម តាមបែបប្រពៃណី ទិន្នផល ក៏បានទាប បញ្ហាសត្វល្អិត ក៏តែងតែយាយី ដល់ដំណាំ របស់ពួកគាត់ ដូច្នេះទើបក្រុមហ៊ុន យ៉ាម៉ាតុហ្គ្រីន ស្ម័គ្រចិត្តដាក់ទុន ចូលរួមអភិវឌ្ឍវិស័យ កសិកម្មនេះ ឱ្យកាន់តែទទួល បានទិន្នផលខ្ពស់ មានទីផ្សារលក់ ចែកចាយគ្រប់គ្រាន់ កសិផលមានគុណភាព-សុវត្ថិភាពខ្ពស់ ហើយការដាំដុះ ក៏អាចជៀសផុតពីសត្វល្អិត និងរោគដំណាំនានាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពី បញ្ចប់កិច្ចចុះអនុស្សរណៈ ខាងលើ គណៈប្រតិភូ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន បានធ្វើទស្សនកិច្ច នៅក្រុមហ៊ុន Nippon Express ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាច្រើន ម៉ោងផងដែរ។ ក្រុមហ៊ុន Nippon Express ជាក្រុមហ៊ុន ចែកចាយផលិតផលនានា ដែលនាំចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន និងប្រទេសនានាជុំវិញពិភពលោក៕

ដោយ៖សូរិយា


ចែករំលែក៖