អន្តរជាតិ៖ ដើម្បីពិនិត្យមើលការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ដែលត្រូវបានពន្យារទៅឆ្នាំ២០២១ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នឹងធ្វើដំណើរទៅកាន់ក្រុងតូក្យូ រយៈពេល៣ថ្ងៃនៅសប្តាហ៍ក្រោយ។ បើទោះបីប្រធាន IOC នៅតែគាំទ្រឲ្យបន្តដឹកនាំកីឡានេះ ខណៈនៅមាន COVID-19នៅឡើយ និងថែមទាំងជឿជាក់លើជប៉ុនក្នុងការផ្តល់សុវត្ថិភាពដល់អ្នកចូលរួមទាំងអស់។
ថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកាថា លោកប្រធាន IOC នឹងស្នាក់នៅទីក្រុងតូក្យូចន្លោះថ្ងៃទី ១៥–១៨ ខែវិច្ឆិកា។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកYoshihide Suga ជុំវិញកីឡាអូឡាំពិកនេះ ឬក៏អត់នោះទេ។
លោក Bach បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersយ៉ាងដូច្នេះថា៖«ដំណើរទៅកាន់ប្រទេសជប៉ុននេះ មានសារសំខាន់ណាស់ពីព្រោះយើងកំពុងឈានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយវិធានការប្រឆាំងCOVID-19 ដើម្បីធានាលើដំណើរការអូឡាំពិក ដែលត្រូវធ្វើនៅឆ្នាំក្រោយ។ខ្ញុំសង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ យើងអាចផ្តល់ទំនុកចិត្តថែមទៀត ដល់អ្នកចូលរួមទាំងអស់ អំពីបរិស្ថានដែលមានសុវត្ថិភាព ដែលពួកគេនឹងបានឃើញក្នុងរយៈពេលប្រហែល ៩ ខែ ចាប់ពីពេលនេះតទៅ»។
សូមជម្រាបថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងម្ចាស់ផ្ទះជប៉ុន បានសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការពន្យារពេលធ្វើអូឡាំពិក រយៈពេលមួយឆ្នាំកាលពីខែមីនា ដោយសារការរាតត្បាតនៃជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាងមួយលាននាក់ ជុំវិញពិភពលោក។ព្រឹត្តិការណ៍កីឡាធំជាងគេលើលោកនេះ នឹងត្រូវប្តូរទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ខែសីហា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រធាន IOC សញ្ជាតិអាល្លឺម៉ង់ បន្ថែមថាអ្នកចូលរួមទស្សនា ឬភ្ញៀវអន្តរជាតិ នឹងចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅខែកក្កដា និងសីហា ដោយទំនុកចិត្ត ខណៈជប៉ុននឹងរៀបចំឲ្យមានសុវត្ថិភាព នៅគ្រប់ទីតាំងប្រកួតទាំងអស់៕ដោយ៖ស តារា