ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារគ្នា​រវាងឥណ្ឌានឹងប៉ាគីស្ថាន​ស្លាប់​១៥នាក់

ចែករំលែក៖

កម្លាំងទាហានឥណ្ឌានឹងប៉ាគីស្ថាន​បានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ បណ្តាលឲ្យពលរដ្ឋ​១០នាក់និង ទាហាន៥នាក់របស់ប្រទេសទាំងពីរស្លាប់។
សារព័ត៌មាន AlJazeera បានផ្សាយថា ​កម្លាំងទាហានឥណ្ឌា នឹងប៉ាគីស្ថានបានបញ្ជាក់ថា ពិតជាមានការបាញ់ប្រហារគ្នានៅព្រំដែនកាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ប្រាកដមែន ។​ក្នុងចំណោមអ្នកស្លាប់​ទាំង១៥នាក់ មានពលរដ្ឋឥណ្ឌា​៦នាក់និងទាហាន៣នាក់។ ចំណែកភាគីប៉ាគីស្ថានវិញមានពលរដ្ឋ​៤នាក់និងទាហាន​២នាក់​។
ប៉ុន្តែតាមប្រភពព័ត៌មានបានបញ្ជាក់ថា ចំនួនអ្នកស្លាប់និងរបួសនៅប៉ាគីស្ថានគឺមានច្រើនជាងតួលេខដែលបានប្រកាសជាសាធារណៈ​។ សារព័ត៌មាន ​Times of India បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហាន​ឥណ្ឌា​បានឲ្យដឹងថា​ មានទាហានប៉ាគីស្ថានដល់ទៅ៨នាក់ស្លាប់នៅក្នុងហេតុការណ៍ខាងលើ​។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ​កម្លាំងទាហានឥណ្ឌាបានបញ្ជាក់ថា ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង​ ក្រោយពេលកម្លាំងទាហានឥណ្ឌា ព្យាយាមទប់ស្កាត់ការចូលខុសច្បាប់ ពីទាហានប៉ាគីស្ថាន​នៅតំបន់ព្រំដែនពិត (LOC) ស្ថិតនៅក្នុងតំបន់ភាគខាងជើងកាស្មៀរ។
ចំណែកភាគីប៉ាគីស្ថានបានបញ្ជាក់ថា កម្លាំងទាហានរបស់ខ្លួន​បានតបតការបាញ់ប្រហារពាសវាលពាសកាល​ពីសំណាក់ទាហានឥណ្ឌានៅព្រំដែនហើយក្រោយមកក៏ប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំដោយមានទាំងកាំភ្លើងធំទៀតផង​៕ដោយ៖ធី រីណា


ចែករំលែក៖