អន្តរជាតិ៖ តាមពិតទៅមនុស្សយើងម្នាក់ៗ គួរតែបង្កើតចិត្តឲ្យទូលាយសម្រាប់ខ្លួនឯង ព្រោះពេលខ្លះការនិយាយគ្នាលេងតែងតែមានការប៉ះពាក្យសម្តី ធ្វើឲ្យមានការអន់ចិត្តដាក់គ្នា រហូតឈានដល់ឈ្លោះគ្នាផងដែរ ព្រោះសម្តីទាំងនេះគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងមានករណីវាយគ្នាមួយបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ឆ្នាំ ខណៈដែលយុវតីរូបនេះ គ្រាន់តែហៅស្រ្តីវ័យ៤០ឆ្នាំនោះថា៖ “មីង”។ នេះបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានWorld of Buzz។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានជម្លោះនោះយុវតីវ័យ ១៩ ឆ្នាំ បានដើរមកពីក្រោយស្រ្តីវ័យ ៤០ ឆ្នាំហើយដោយសារផ្លូវក្នុងផ្សារមានមនុស្សច្រើននោះ នាងបាននិយាយដោយសុជីវធម៌តិចៗថា ៖“សូមអធ្យាស្រ័យអ្នកមីង” ខណៈដែលនាងព្យាយាមសុំផ្លូវដើរទៅមុនព្រោះនាងខ្លាចដំណើររបស់នាងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។
ទោះជាយ៉ាងណាក្តី ស្ត្រីវ័យចំណាស់នោះ មិនចូលចិត្តអ្នណាហៅគាត់ថា“មីង” ឡើយ ហើយពាក្យនេះបានធ្វើឲ្យគាត់ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតស្ទុះទៅបោចសក់និងទះកំភ្លៀងយុវតីរងគ្រោះតែម្តង។ ស្ត្រីវ័យ ៤០ ឆ្នាំដែលមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះបានឲ្យដឹងថាគាត់ពិតជាខឹងអ្នកណាហៅគាត់ “មីង” ខ្លាំងណាស់ ហើយពេលខ្លះគាត់ត្រូវតែវាយគេដូចនេះដើម្បីបញ្ចេញកំហឹងរបស់គាត់។
គួរបញ្ជាក់ថា ក្រោយកើតហេតុ ប៉ូលីសបានហៅភាគីទាំងសងខាងទៅសម្រួលគ្នានៅឯស្ថានីយ៍ប៉ូលីស ខណៈដែលគេបានកត់សម្គាល់ថាភាគីជម្លោះទាំងពីរនេះសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិច្រើនដូចគ្នា៕ដោយ៖សហការី