ព័ត៌មានទាន់ហេតុការណ៍៖

បុកស្លាប់ទៀតហេីយ! រថយន្ដដឹកខ្សាច់បុកម៉ូតូហុងដាឌ្រីមនៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​ តែជាអកុសលត្រូវរថយន្តដឹកខ្សាច់ដែលបើកបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង​ និងកិនពីលើបណ្ដាលឲ្យ​បែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច រួចរថយន្តបង្កបានបើកគេចបាត់ស្រមោលទៅ។

​ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃសៅរ៍​ ទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅលេីដងផ្លូវ៦០ម៉ែត្រចម្ងាយពីច្រមុះជ្រូលក្បាលថ្លល់ប្រមាណ១៥០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ ដំបូងគេឃើញរថយន្តដឹកខ្សាច់មិនចាំស្លាកលេខបើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GD 8942 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា​ បណ្ដាលឲ្យដួលរួចរថយន្តកិនចំក្បាលធ្លាយខួរស្លាប់គួរឲ្យន្ធត់​ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ​ ដោយព្យាយាមបើករត់គេចដោយសុវត្ថិភាព។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ​ បានចុះមកដល់ចំណុចកើតហេតុ​ រួចធ្វើកំណត់ហេតុនិងទាក់ទងរកក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំពោះរថយន្តបង្ក​ សមត្ថកិច្ចជំនាញនិងស្រាវជ្រាវរកនៅពេលក្រោយ​ ដេីម្បីឱ្យមកទទួលទោសតាមច្បាប់ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖