ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានថ្លែងថា៖ រហូតមកដល់ថ្ងៃនេះ កង់របស់សិស្ស និងកង់អ្នកភូមិចំនួនជាង ៤០០គ្រឿងហើយ ដែលត្រូវបានយកមកជួសជុលឱ្យប្រើប្រាស់បានឡើងវិញ ដោយក្រុមយុវជនស្ម័គ្រចិត្តជាង ៧០នាក់ មកពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា តាមរយៈគម្រោងជួសជុលកង់តាមភូមិ«Project B»នៅក្នុងស្រុកបន្ទាយស្រី។ រដ្ឋបាលស្រុកគ្រោងនឹងបន្តសហការជាមួយក្រុមយុវជនទាំងនេះ ដើម្បីផ្តល់សេវាជួសជុលកង់ដោយឥតគិតថ្លៃជាប្រចាំខែជូនអ្នកភូមិ ជាពិសេសសម្រាប់កុមារតូចៗ រហូតទាល់តែបានទៅដល់គ្រប់ភូមិទាំងអស់នៅក្នុងស្រុកទាំងមូល។
អភិបាលស្រុកវ័យក្មេងបន្តថា៖ ជាមធ្យម កង់មួយគ្រឿងត្រូវចំណាយប្រមាណ៧$ដើម្បីជួសជុលឡើងវិញ តែវាបានធ្វើឱ្យរបស់ដែលខូចទុកចោលអាចយកមកច្នៃប្រើប្រាស់ឱ្យមានប្រយោជន៍វិញបាន។ ៧$នេះ ប្រសិនបើយកទៅធ្វើជាអំណោយចែកជូនដល់អ្នកភូមិម្នាក់ៗ វាប្រហែលជាអាចផ្តល់ក្តីរីករាយបានត្រឹមតែមួយពេលតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយក៧$នេះទៅបូកផ្សំនឹងទឹកចិត្ត និងកំលាំងខិតខំជួសជុលប្រកបដោយសេចក្តីស្រលាញ់របស់ប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់នេះវិញ វាបានបង្កើតនូវគុណតម្លៃមួយដែលមិនអាចកាត់ថ្លៃបាន ហើយថែមទាំងបានផ្តល់ស្នាមញញឹមនៅរៀងរាល់ពេលដែលពួកគាត់ទាញកង់យកមកជិះទៀតផង។
លោកលើកឡើងថា៖ សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលសំខាន់មួយធ្វើអោយកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។ ហេតុដូច្នេះហើយបានជាការផ្តល់ជូនយានជំនិះដល់សិស្សទាំងនោះមានសារៈសំខាន់ណាស់សម្រាប់អនាគតវែងឆ្ងាយរបស់ពួកគាត់៕
ដោយ៖ សិលា