ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនហួវៃស្នើដល់អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបពិចារណាលើច្បាប់ហាមឃាត់ក្រោយរបបលោកត្រាំបញ្ចប់

ចែករំលែក៖

អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ចិន ហួវៃ លោក Victor Zhang បានបញ្ជាក់ថា អង់គ្លេសក៏ដូចជាប្រទេសមួយចំនួននៅអឺរ៉ុបគួរតែត្រួតពិនិត្យឡើងវិញ​ដល់ការហាមប្រាមក្រុមហ៊ុនហួវៃ បង្កើតសេវាឥតខ្សែជំនាន់ទី​៥ 5G ក្រោយរបបដឹកនាំរបស់លោកត្រាំ​បានបញ្ចប់​។
កាលពីខែកក្កដាកន្លងមក ក្រោមគំនាបរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រដ្ឋាភិបាលអង់គ្លេស​បានសម្រេចបោះបង់ហួវៃចេញពីគម្រោងបង្កើត​5G នៅក្នុងប្រទេសនេះ ដោយប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនហួវៃ។
លោក Victor Zhang បានបញ្ជាក់ថា អង់គ្លេសនៅតែជាប្រទេសដើរតួសំខាន់​ក្នុងវិស័យឧស្សាហកម្ម​ ហើយរដ្ឋាភិបាលអង់គ្លេសមិនត្រូវដើរថយក្រោយនោះឡើយពាក់ព័ន្ធនឹង​5G ។
លោក​ Victor Zhang បានបន្តទៀតថា ការពន្យារពេលបំពាក់បណ្តាញ 5G ក្នុងរយៈពេល​៣ឆ្នាំទៀត នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ​។ តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមហ៊ុនAssembly​ បង្ហាញឲ្យឃើញថា បើអង់គ្លេសយឺតយ៉ាវនោះនឹងខាតបង់សេដ្ឋកិច្ចដល់ទៅ ១៨,២ពាន់លានផោន (២៤ពាន់លានដុល្លារអាមេរិក)​ ។
លោក​Victor Zhang សង្ឃឹមថា អង់គ្លេសនឹងមានការពិចារណា សម្រេចឲ្យបានឆាប់បំផុត ក្រោយរដ្ឋាភិបាលរបស់លោកត្រាំបានបញ្ចប់អាណត្តិ។ នៅពេលនោះ​គំនាបពីអាមេរិក ឲ្យបោះបង់ហួវៃ អាចនឹងធូរស្រាលជាងមុន​។ បច្ចុប្បន្នក៏មានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប នៅតែបន្តប្រើប្រាស់បច្ចេកវិទ្យាហួវៃដដែល មិនស្តាប់តាមអាមេរិកនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖