ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តជួយពលរដ្ឋនៅតាមសហគមន៍តាមរយៈការឧបត្ថម្ភអង្ករដល់សាលារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ–១៩ក្នុងប្រទេសកម្ពុជា​តាមរយៈការឧបត្ថម្ភនូវទឹកប្រាក់៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០តោនដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ–១៩។

ការគំរាមកំហែងនៃជំងឺកូវីដ–១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សហគមន៍។ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសអំពីការបិទសាលារៀន និងកន្លែងកម្សាន្តក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍។ គិតត្រឹមថ្ងៃអង្គារ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ–១៩ ចំនួន ៣០៣​ នាក់ដែលក្នុងនោះមានអ្នកជាសះស្បើយ២៩១ នាក់ និងកំពុងសម្រាកព្យាបាល ១២ ករណី។

អំណោយនោះ ត្រូវបានទទួលដោយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងពិធីប្រគល់ និងទទួលដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិហិរញ្ញវត្ថុលោក Sean Tan និងនាយកប្រតិបត្តិធនធានមនុស្ស លោក Hein Dames ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានមានប្រសាសន៍ថា “តាងនាមឲ្យពលរដ្ឋនៅក្នុងសហគមន៍របស់យើង យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ទឹកជំនន់ក្នុងឆ្នាំនេះ មានទំហំធំដែលបង្កផលប៉ះពាល់ដល់ប្រជាជនជាច្រើននៅតាមសហគមន៍ ខណៈជំងឺរាតត្បាតកូវីដ–១៩ ក៏បានបង្កបញ្ហាដល់គ្រប់គ្នាផងដែរជាពិសេសអ្នកដែលបានបាត់បង់ឱកាសការងារ។ តាមរយៈការបរិច្ចាគអង្ករដ៏មានសារសំខាន់នេះ យើងអាចជួយសម្រួលការលំបាកបានខ្លះដែលអ្នកដែលកំពុងត្រូវការជំនួយបំផុត”។

ជាមួយគ្នានោះ លោក Pern Chen បានឲ្យដឹងផងដែរថា “ពាក្យស្លោករបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺ ‘យើងបម្រើកម្ពុជា’”។ “គំនិតផ្តួចផ្តើមការងារសង្គមដែលបាន និងកំពុងបន្តរបស់យើង គឺឧបត្ថម្ភគាំទ្រដល់សហគមន៍ដែលត្រូវការជំនួយបំផុត ជាពិសេសនៅក្នុងពេលវិបត្តិជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថា អំណោយជាអង្កររបស់យើង នឹងជួយសម្រាលការលំបាកខ្លះដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ពីការផ្ទុះនៃជំងឺដ៏កាចសាហាវនេះ។ យើងក៏សូមកោតសរសើរដល់មន្ត្រីរបស់សាលារាជធានីភ្នំពេញផងដែរដែលបានធ្វើការឥតមាននឿយហត់ជួយដល់សហគមន៍ និងសម្របសម្រួលការដឹកជញ្ជូនអង្ករ”។

លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានបរិច្ចាគទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១៩ ខែតុលា ដើម្បីទិញអង្ករចែកជូនដល់ជនរងគ្រោះដោយសារទឹកជំនន់។ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនដល់សាលារាជធានីភ្នំពេញផងដែរកាលពីខែឧសភាដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ដែលការឧបត្ថម្ភនេះគឺជាផ្នែកមួយនៃការឧបត្ថម្ភបរិក្ខារពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រដល់ស្ថាប័នរដ្ឋក្នុងអំឡុងពេល ៥ ខែកន្លងមកដើម្បីឆ្លើយតបទៅនឹងការផ្ទុះនៃជំងឺរាតត្បាតដែលមានទឹកប្រាក់សរុបជាង ១១៨.០០០ ដុល្លារអាមេរិក។

គួរជម្រាបផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដល់ក្រសួងសុខាភិបាលនូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ–១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមសាលារៀនដែលបើកដំណើរការឡើងវិញ ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿងឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ឧបករណ៍ប្រមូលសំណាក៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដប។លើសពីនេះ ម៉ាស់មុខសរុប ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដបនិងទឹកអាល់កុល ៧២០ លីត្រ ត្រូវបានឧបត្ថម្ភដល់ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖