ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញសាខា ដុតកម្ទេចមីខូចគុណភាពជិត៤០០គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) ខេត្តបន្ទាយមានជ័យ បានដុតកម្ទេចចោលមីខូចគុណភាពជិត៤០០គីឡូក្រាម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ក.ប.ប) បានប្រាប់ថា ទំនិញកម្ទេចមីខូចគុណគុណភាពដែលត្រូវដុតចោលមានទម្ងន់៣៩០គីឡូក្រាមនេះ មន្ត្រីជំនាញបានចុះពិនិត្យដកហូតនៅអំឡុងខែតុលា ដល់វិច្ឆិកា ឆ្នាំ២០២០ ក្នុងនៅតាមផ្សារនិងឃ្លាំងជាប់ជាយដែនភូមិសាស្រ្តស្រុកអូរជ្រៅនិងក្រុងប៉ោយប៉ែតព្រោះតែខូចគុណភាព។

លោកបានបញ្ជាក់ថា កម្ទេចមីខូចគុណភាពនេះត្រូវបានឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់មកលក់តាមទីផ្សារត្រូវបានមន្ត្រី(ក.ប.ប)ខេត្ត  សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យតាមផ្សារ និងឃ្លាំងជាប់ជាយដែន ហើយត្រូវបានដកហូត ត្រូវប្រមូលមកដុតកម្ទេចចោល។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា កម្ទេចមីខូចគុណភាពនេះជាកម្ទេចមីដែលច្រកសេសសល់ ជាកាកសំណល់ មីកញ្ចប់ធំដែលគេច្រកជ្រុះ គ្មានអនាម័យ ខុសបច្ចេកទេសដែលហូបទៅបណ្តាល ប៉ះពាល់សុខភាពដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ជាពិសេសក្មេងៗនៅសាលារៀន ចូលចិត្តទិញបរិភោគ ធ្វើឲ្យរាករូស ក្តៅខ្លួន ក្អួតជាដើម។

ក្នុងឱកាសដុតកម្ទេចមីខូចគុណភាពជិត៤០០គីឡូក្រាម នេះដែរប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យសំណូមពរដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនសុំឲ្យចូលរួមទប់ស្កាត់ និងសហការជាមួយមន្ត្រីជំនាញទប់ស្កាត់រាល់ទំនិញគេចពន្ធ និងខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងដើម្បីការពារសុខុមាភាពបងប្អូនប្រជាពលរដ្ឋផង៕ដោយ៖វណ្ណា


ចែករំលែក៖