ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ស្ត្រីម្នាក់ដែលយកកាំបិតអារមុខនិងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំឱ្យរងរបួសធ្ងន់ធ្ងរ ដេររហូតជាង១០០ថ្នេរ ។
តាមប្រភពព័ត៌មានដែលទើបទទួលបាន ក្រោយបញ្ចប់សវនាការនេះ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ វិញ ។
សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះអារមុខ ច្រមុះ និង ដៃ គឺជាការតបស្នងដែលក្មេងស្រីរូបនេះបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។
ស្ត្រីរូបនេះសារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះធ្វើឱ្យកូនខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើងនឹងក្លាយជាតារាផងដែរ ។ ដូច្នេះ ខ្លួនសុំត្រឹមតែឱ្យក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួនប៉ុណ្ណោះ។
ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃធ្ងន់ធ្ងរ ៕ ដោយ៖ចេស្តា