ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ក្រុមគ្រូពេទ្យធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកចុងក្រោយចំពោះអ្នកប៉ះពាល់ផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍ «ថ្ងៃ៣វិច្ឆិកា»

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមគ្រូពេទ្យនឹងធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៤ ដើម្បីឲ្យប្រាកដថា អ្នកប៉ះពាល់ផ្ទាល់​និង ប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់មានឆ្លង ឬគ្មានការចម្លងមេរោគកូវីដ-១៩ ។
នៅព្រឹកថ្ងៃនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន ព្រមទាំងអ្នកប៉ះពាល់ ដោយប្រយោលផ្សេងទៀតនឹងធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកចុងក្រោយ ។

តាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០អ្នកពាក់ព័ន្ធព្រឹត្តិការណ៍«ថ្ងៃ៣វិច្ឆិកា» ទាំងផ្ទាល់និងប្រយោលសរុប ៣,៩១៨នាក់ បានធ្វើតេស្តរកមេរោគកូវីដ-១៩។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់ ។

គួររំលឹកថា ព្រឹត្តិការណ៍ «ថ្ងៃ៣វិច្ឆិកា» នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការសិក្សានៅតាមសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីធានាថាមិនមានការរីកសាយភាយនៃការឆ្លងជំងឺកូវីដ-១៩ នាអំឡុងពេលតាមដានសុខភាពអ្នកប៉ះពាល់ផ្ទាល់និងប្រយោល។ រាជរដ្ឋាភិបាលក៏បានបិទពហុកីឡដ្ឋានជាតិអូឡាំពិក ផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនៅក្នុងពហុកីឡដ្ឋានជាតិនេះ ។ រាជរដ្ឋាភិបាលក៏បានសម្រេចបិទជាបណ្តោះអាសន្ននូវ KTV ក្លិបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសផងដែរ ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ៈ០០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន១៣នាក់៕ដោយ៖សូរិយា


ចែករំលែក៖