ជប៉ុននិងកូរ៉េខាងត្បូងកំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ ជាលើកទីបី ក្រោយពីមានករណីឆ្លងកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ។
តាមតួលេខរបស់គេហទំព័រ worldometers នៅថ្ងៃទី ១៩ខែវិច្ឆិកាបានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក កើនឡើងដល់ទៅ 56.550.546 នាក់ និងស្លាប់1.354.085នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លងសរុបដល់ទៅ 611.074នាក់ និងស្លាប់10.969 នាក់។
នៅពេលនេះ ជប៉ុន និងកូរ៉េខាងត្បូង មានករណីឆ្លងកើនឡើងខ្ពស់ បង្កក្តីបារម្ភពីការឆ្លងជាលើកទីបីក្នុងប្រទេសទាំងពីរ។ នៅកូរ៉េខាងត្បូង គេបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៣១៣នាក់ កាលពីថ្ងៃទី១៨ខែវិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់29.311នាក់។
ចំណែកប្រទេសជប៉ុនវិញនៅថ្ងៃទី១៨ខែវិច្ឆិកា មានអ្នកឆ្លងដល់ទៅ2.203នាក់ ធ្វើឲ្យអ្នកឆ្លងសរុប កើនឡើងដល់120.815នាក់ ។ តាមសារព័ត៌មាន ក្យូដូបានផ្សាយថា នេះជាលើកដំបូងដែលជប៉ុនរកឃើញមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ជាង២ពាន់នាក់ក្នុងមួយថ្ងៃ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានស្នើដល់មន្ត្រីទទួលខុសត្រូវចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ។
ការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ក្នុងពេលដែល ពិភពលោកជិតមានវ៉ាក់សំាងប្រឆាំងកូវីដ-១៩ប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ។ អាមេរិកមានគម្រោងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនៅចុងឆ្នាំ២០២០នេះក្នុងឱកាសបុណ្យណូអែល៕
ដោយ៖ធី រីណា