ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិឥណ្ឌាបេីករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់រួចបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សប្រុសស្រីចំនួន២នាក់បានរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តRAV4បេីកបរដោយនារីជនជាតិឥណ្ឌាម្នាក់បេីកបុកខ្ទាតប្រហែល៣០ម៉ែត្រ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវសួនច្បារដ្ឋសភា​ ត្រង់ចំណុចមុខរដ្ឋសភា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកFZ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1FA- 5864 បេីកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនារីម្នាក់ទៀតធ្វេីដំណេីរ

ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បើកឆ្លងផ្លូវមកខាងឆ្វេង។ ចំណែកផ្លូវម្ខាងទៀតនោះក៏មានរថយន្តម៉ាកRAV4 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AY-3720​ បេីកបរដោយស្ត្រីជនជាតិឥណ្ឌាម្នាក់រួមដំណេីរជាមួយប្តីនិងកូនតូចម្នាក់ទៀតធ្វេីដំណេីរពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតទេីបទៅមុខលែងរួច។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

IMG_6809

ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖