ចៅក្រមនៅរដ្ឋចំនួន៣ គឺរដ្ឋ Arizona, Georgia និង Pennsylvania បានចេញសេចក្តីប្រកាសច្រានចោលពាក្យបណ្តឹងរបស់លោកត្រាំ ក្នុងគោលដៅទប់ស្កាត់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋទាំងនោះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងរដ្ឋGeorgia ចៅក្រមដែលលោកត្រាំបានតែងតាំង កាលពីថ្ងៃទី១៩ខែវិច្ឆិកាបានច្រានចោលសំណើរបស់មេធាវីសុំកុំឲ្យទទួលស្គាល់លោកបៃឌិនឈ្នះក្នុងរដ្ឋនេះ។
យុទ្ធសាស្ត្ររក្សាអំណាចរបស់លោកត្រាំកាន់តែបាត់បង់ ដោយរដ្ឋសំខាន់ៗជាច្រើនត្រូវបានលោកបៃឌិនយកឈ្នះ ហើយការប្តឹងផ្តល់ក៏ មិនបានសម្រេចទៀត ដោយសារតែមិនមានហេតុផលឬភស្តុតាងគ្រប់គ្រាន់។
នៅពេលនេះចៅក្រមរដ្ឋPennsylvania ក៏បានច្រានចោលពាក្យបណ្តឹងរបស់លោកត្រាំដែរ ដោយលើកឡើងថាជារឿងមិនសមហេតុផល។ ជាមួយគ្នានោះនៅរដ្ឋArizona ក៏ដូចគ្នាដែរ បានច្រានចោលពាក្យបណ្តឹងរបស់ក្រុមការងារលោកត្រាំដែលទាមទារកុំឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតលោកបៃឌិនជាអ្នកឈ្នះ។
ចៅក្រមក្នុងរដ្ឋសំខាន់ៗបានច្រានចោលពាក្យបណ្តឹងរបស់លោកត្រាំ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា លោកត្រាំមិនអាចកែប្រែលទ្ធផលបោះឆ្នោតបានឡើយ៕ដោយ៖ធី រីណា