ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុប​ចំណាយប្រាក់​១០ពាន់លានដុល្លារទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

សហគមន៍អឺរ៉ុប​បានចំណាយប្រាក់​រហូតដល់ទៅ​១០ពាន់លានដុល្លារ ទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer របស់អាមេរិក និង​CureVac របស់អាល្លឺម៉ង់សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសជាសមាជិកទាំង​២៧ប្រទេស ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសហគមន៍អឺរ៉ុបមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ សហគមន៍អឺរ៉ុបបានពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរខាងលើ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ រាប់រយលានដូស​សម្រាប់ប្រទេសជាសមាជិក ។
មន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះនោះបានឲ្យដឹងទៀតថា អឺរ៉ុប បានសម្រេចចំណាយប្រាក់ទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើក្នុងតម្លៃ១៨,៣៤ដុល្លារក្នុងមួយដូស​។ បើអឺរ៉ុបទិញវ៉ាក់សាំង​២០០លានដូសពីក្រុមហ៊ុន Pfizer-BioNTech មានតម្លៃ​៣,៧ ពាន់លានដុល្លារ​ ហើយបើចង់ទិញបន្ថែម​១០០លានដូសទៀត គឺអឺរ៉ុបត្រូវចំណាយប្រាក់សរុប ៥,៥ ពាន់លានដុល្លារ​។
កាលពីថ្ងៃទី​១៨ខែវិច្ឆិកា ក្រុមហ៊ុន Pfizer បានប្រកាសថា វ៉ាក់សាំង​BNT162b2 ទទួលបានជោគជ័យ ដោយមានប្រសិទ្ធភាព​ដល់ទៅ​៩៥ភាគរយ​ ដោយមិនមានផលប៉ះពាល់អ្វីនោះឡើយ។
កាលពីខែកក្កដា ក្រុមហ៊ុនPfize បានព្រមព្រៀងផ្គត់ផ្គង់ដល់រដ្ឋាភិបាលអាមេរិកនូវវ៉ាក់សាំង BNT162b2 ចំនួន​១០០លានដូស​ ក្នុងតម្លៃ​៣៩ដុល្លារ​ក្នុងមួយដូស ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុនផលិតឱសថខាងលើនឹងផ្គត់ផ្គង់ដល់សហគមន៍អឺរ៉ុបនៅចុងខែមីនាឆ្នាំ​២០២១៕

ដោយ៖ធី រីណា


ចែករំលែក៖