នៅថ្ងៃទី២០ខែវិច្ឆិកា អភិបាលរដ្ឋ California បានប្រកាសអនុវត្តច្បាប់បម្រាមគោចរទប់ស្កាត់ការឆ្លងកូវីដ-១៩ ដោយហាមប្រាមការប្រមូលផ្តុំគ្នា ក៏ដូចជាផ្អាករាល់សកម្មភាពមិនចាំបាច់។
អភិបាលរដ្ឋ កាលីហ្វ័រនីញ៉ា លោកGavin Newsom បានបញ្ជាក់ថា ច្បាប់បម្រាមគោចរ ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះ មានប្រសិទ្ធភាព ចាប់ពីម៉ោង២២ដល់ម៉ោង៥ព្រឹក ដែលចាប់ផ្តើមអនុម័តនៅថ្ងៃទី ២១ខែវិច្ឆិកា ហើយបញ្ចប់នៅថ្ងៃទី២១ខែធ្នូ មានរយៈពេល១ខែ។ ច្បាប់ខាងលើនឹងអនុវត្តនៅស្រុកចំនួន៤១ ក្នុងចំណោម៥៨ស្រុកក្នុងរដ្ឋនេះ។
លោកGavin Newsom បន្តទៀតថា ចំនួនអ្នកឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់ ហើយក្នុងពេលខាងមុខគឺជាដំណាក់កាលសំខាន់បំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាព ។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅក្នុងរដ្ឋ Ohio ក៏បានអនុម័តច្បាប់បម្រាមគោចរផងដែរ ដោយត្រូវចូលជាធរមាននៅថ្ងៃទី២១ ខែវិច្ឆិកា ក្នុងនោះ ហាងលក់ទំនិញនានាត្រូវបិទទ្វារ ចាប់ពីម៉ោង១០យប់ ។
បច្ចុប្បន្ន អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង១២ លាននាក់ និងស្លាប់កើនឡើង ដល់ទៅជាង២៥៨ ពាន់នាក់។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់ទៅ ជាង៧,២ លាននាក់ផងដែរ៕ដោយ៖ធី រីណា