ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកបានដាក់បម្រាមគោចរទប់ស្កាត់ការរាតត្បាតកូវីដ​-១៩

ចែករំលែក៖

នៅថ្ងៃទី​២០ខែវិច្ឆិកា​ អភិបាលរដ្ឋ California បានប្រកាសអនុវត្តច្បាប់បម្រាមគោចរ​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ដោយហាមប្រាមការប្រមូលផ្តុំគ្នា​​ ក៏ដូចជា​ផ្អាករាល់សកម្មភាពមិនចាំបាច់​។
អភិបាលរដ្ឋ​ កាលីហ្វ័រនីញ៉ា លោក​Gavin Newsom បានបញ្ជាក់ថា​ ច្បាប់បម្រាមគោចរ​​ ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះ មានប្រសិទ្ធភាព ចាប់ពីម៉ោង​២២​ដល់ម៉ោង​៥​ព្រឹក ដែលចាប់ផ្តើមអនុម័តនៅថ្ងៃទី ២១ខែវិច្ឆិកា​ ហើយបញ្ចប់នៅថ្ងៃទី​២១ខែធ្នូ មានរយៈពេល​១ខែ។ ច្បាប់ខាងលើនឹងអនុវត្ត​នៅស្រុកចំនួន​៤១ ក្នុងចំណោម​៥៨​ស្រុក​ក្នុងរដ្ឋនេះ។
លោក​Gavin Newsom បន្តទៀតថា ចំនួនអ្នកឆ្លងកូវីដ​-១៩ បានកើនឡើងខ្ពស់ ហើយក្នុង​ពេលខាងមុខគឺជា​ដំណាក់កាលសំខាន់​បំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាព ។
កាលពីថ្ងៃទី​១៩ ខែវិច្ឆិកា ​​នៅក្នុងរដ្ឋ Ohio ក៏បានអនុម័តច្បាប់បម្រាមគោចរផងដែរ ដោយត្រូវចូលជាធរមាននៅថ្ងៃទី​២១ ខែវិច្ឆិកា ក្នុងនោះ ហាងលក់ទំនិញនានាត្រូវបិទទ្វារ ចាប់ពីម៉ោង​១០យប់​ ។
បច្ចុប្បន្ន អាមេរិក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​១២ លាននាក់​ និងស្លាប់កើនឡើង ដល់ទៅជាង​២៥៨ ពាន់នាក់​។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើង​ដល់ទៅ ជាង​៧,២ លាននាក់ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖