ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ថា មួយរយៈនេះគេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផល មន្រ្តីកងកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងកម្លាំងមន្រ្តីនាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម ភ្លូកទឹកភ្លូកដីសហការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង ប៉ុន្តែពុំមានប្រសិទ្ធភាពសោះបទល្មើសនៅដដែល ព្រោះអត់ឃើញអនុវត្តច្បាប់លើជនប្រព្រឹត្តសោះ ដូច្នេះហើយការអនុវត្តនេះគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថាជាក់ស្ដែងៈ គេសង្កេតឃើញចាប់តាំងពីថ្ងៃទី១៧រហូតដល់ថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គេសង្កេតឃើញក្រុមកម្លាំងសមត្ថកិច្ចខាងលើនៅតែបន្តធ្វើជានិច្ចហើយគ្រប់តំបន់នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ការបង្រ្កាបពីសំណាក់មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធខាងលើ ក៏គេសង្កេតឃើញការអនុវត្តតែឧបករណ៍ប្រភេទតូចតាចនោះទេ ចំណែកឯឧបករណ៍បែបដូចឡូត៍នេសាទនោះមិនប៉ះទេ ព្រោះអាចជាផលប្រយោជ៍ដ៏ធំសម្បើមណាស់មើលទៅ ? ដូចជានៅចំណុចចំណងក្របីស្ថិតនៅស្រុកក្រគរ នៅមិនឆ្ងាយប៉ុន្មានពីស្នាក់ការសមត្ថកិច្ចនោះឡើយ ក្រុមជនប្រព្រឹត្តដូចជាគ្មានញញើតមន្រ្តីទាំងនោះបន្តិចសោះ ហើយជនប្រព្រឹត្តទាំងនោះចងជាក្រុមរត់ការជាប្រព័ន្ធ ដែលជាដែនសមត្ថកិច្ចមន្រ្តីសង្កាត់រដ្ឋបាលជលផលកំពង់លួង និងផ្នែករដ្ឋបាលជលផលក្រគរផងដែរ ចំណែកឯមន្រ្តីបរិស្ថាននោះវិញមិនដឹងជាអ្វីដែរនោះទេ ឃើញតែនាំគ្នាជិះកាណូតបើកតាមគោលដៅ ក្រុមជនប្រព្រឹត្តបង្គាប់លុយដូចដាក់ភាគហ៊ុននោះដែរ ៕ ដោយ៖បុឹម ពិន