មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) បានប្រកាសថា នឹងធានាដល់ការចែកចាយវ៉ាក់សាំង ថ្នាំនិងឧបករណ៍ធ្វើតេស្តកូវីដ-១៩ស្មើភាពគ្នា ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងកើនឡើងជាង៥៨,៤លាននាក់ហើយ។
នៅក្នុងកំណត់ហេតុប្រទេសG20 បានសន្យាថានឹងចែកចាយវ៉ាក់សាំងសមស្របបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានអ្នកស្លាប់ជិត៩.០០០នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់ទៅជាង១,៣៨លាននាក់ ។ ចំណែកអ្នកឆ្លងវិញ មានដល់ទៅជាង៥៨,៤លាននាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយជាង៤០,៤លាននាក់ផងដែរ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលខ្ពស់បែបនេះ ប្រេសិតពិសេសម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា រលកទី៣ COVID-19 អាចនឹងផ្ទុះឡើង នៅក្នុងទ្វីបអឺរ៉ុបនៅដើមឆ្នាំ២០២១ខាងមុខនេះ បើសិនជារដ្ឋាភិបាលអឺរ៉ុបទាំងអស់បរាជ័យក្នុងការចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់រលកទី២បានល្អនោះ។
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្សាយថា ប្រេសិតពិសេសអង្គការ WHO លោក David Nabarro បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេ(អឺរ៉ុប) បានខកខានក្នុងការចាត់វិធានការចាំបាច់នានាក្នុងអំឡុងរដូវក្ដៅ បន្ទាប់ពីពួកគេអាចគ្រប់គ្រងរលកទីមួយបាន»។ លោក David បន្ថែមទៀតថា ៖ «បច្ចុប្បន្នយើងកំពុងប្រឈមមុខនឹងរលកទី២ ដូច្នេះបើសិនជាពួកគេមិនចាត់វិធានការចាំបាច់ទេ នោះយើងនឹងបានឃើញរលកទី៣ នៅដើមឆ្នាំក្រោយនេះ»៕ដោយ៖ធី រីណា