ព័ត៌មានទាន់ហេតុការណ៍៖

សត្វឆ្កែ៣០០ក្បាល ដែលរងគ្រោះដោយសារខ្យល់ព្យុះកំបុតត្បូង ត្រូវបុរសម៉ិកស៊ិកម្នាក់ យកមកចិញ្ចឹមនៅផ្ទះខ្លួនឯង

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកRicardo Pimentel Cordero ជាជនជាតិម៉ិកស៊ិកម្នាក់ ដែលរស់នៅក្រុងPuerto Morelos រដ្ឋ Quintana Roo បានសម្រេចចិត្តយកសត្វឆ្កែ៣០០ក្បាល និងសត្វមួយចំនួនទៀតទៅចិញ្ចឹមបីបាច់ថែរក្សានៅផ្ទះរបស់ខ្លួន ក្នុងគោលបំណងការពារសត្វទាំងនោះ កុំឲ្យរងគ្រោះដោយសារខ្យល់ព្យុះកំបុតត្បូង។

បុរសម៉ិកស៉ិករូបនេះ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសត្វនានា ដែលត្រូវប្រឈមគ្រោះថ្នាក់ដោយសារព្យុះកំបុតត្បូងដ៏សាហាវបោកបក់នៅឧបទ្វីប Yucatan Pennisula លោក Pimentel ដែលជាស្ថាបនិកជម្រកសត្វ Tierra de Animales នៅបរិវេណផ្ទះរបស់ខ្លួនផងដែរបានសម្រេចទទួលយកឆ្កែ៣០០ក្បាល និងសត្វផ្សេងទៀតទៅនៅបណ្តោះអាសន្ននៅផ្ទះរបស់ខ្លួន។

លោក Pimentel បានអះអាងយ៉ាងដូច្នេះ៖ ក្រៅពីឆ្កែ៣០០ក្បាល លោកបានផ្តល់ជម្រកឲ្យសត្វផ្សេងទៀតដែលក្នុងនោះទន្សាយ មាន់ ឆ្មាមួយចំនួនរួមទាំងកាំប្រមាមួយក្បាលផងដែរ។ «យើងបានចាប់ផ្តើមរៀបចំការងារមួយចំនួននៅទីតាំងជម្រកសត្វ Tierra de Animales ដូចជាប្រព័ន្ធសុវត្ថិភាព ទឹក ភ្លើង ជាដើម»

លោក បានរៀបរាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា៖ «មិនបញ្ហាឡើយ ដែលផ្ទះកខ្វក់ ព្រោះយើងអាចសម្អាតបាន។ សម្ភារខូចខាត យើងអាចរៀបចំឡើងវិញ ឬទិញថ្មីបាន ប៉ុន្តែអ្វីដែលស្រស់បំព្រង គឺឃើញសត្វទាំងនោះរីករាយសុខភាពល្អ និងមានសុវត្ថិភាព»។បើទោះបីជាផ្ទះរបស់លោកពោរពេញទៅដោយសត្វឆ្កែក៏ដោយ ប៉ុន្តែលោក Pimentel មិនឈឺក្បាលនោះដែរ។

ជាមួយគ្នានោះលោក Pimentel ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលមានក្តីស្រឡាញ់ដ៏ធំធេងចំពោះសត្វ។ ក្រោយការបង្ហោះរូបខ្លួន ជាមួយសត្វឆ្កែរាប់សិបក្បាលនៅលើបណ្តាញសង្គម មនុស្សជាច្រើននៅលើពិភពលោកបានចាប់អារម្មណ៍ និងរួមគ្នាបរិច្ចាគថវិកាដើម្បីសម្រួលដល់ការលំបាករបស់លោក។

បន្ថែមពីលើនេះលោក Pimentel មិននឹកស្មានថា ទង្វើរបស់ខ្លួន ទាក់ទាញទឹកចិត្តមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ។ខណៈ អ្នកជិតខាងរបស់លោក សុទ្ធតែបាននាំគ្នាជួយដល់លោក តាមរយៈការសម្អាតផ្ទះ និងសាងសង់ទីជម្រកសម្រាប់សត្វទាំងនោះ។ ក្រុមគ្រួសារក៏គាំទ្រសកម្មភាពរបស់លោកផងដែរ។

សម្រាប់លោក Pimentel អំណោយសប្បុរសធម៌ និងការចូលរួមស្ម័គ្រចិត្តជួយលោក បានផ្តល់ឱកាសដល់លោកពង្រីកទីជម្រកសម្រាប់សត្វនិងអាចស្វែងរកសត្វដែលប្រឈមផ្សេងៗទៀតឲ្យទៅនៅទីនោះ។ ជាមួយគ្នានេះលោកក៏ស្វាគមន៍ផងដែរចំពោះអ្នកដែលមានចំណាប់អារម្មណ៍យកសត្វទាំងនោះទៅចិញ្ចឹមបីបាច់។

លោក Pimentel ក្រោយខ្យល់ព្យុះស្ងប់ស្ងាត់ លោកនៅតែបន្តជួយដល់សត្វដែលរងគ្រោះ ដោយអ្វីដែលលោកចង់បានបំផុតនោះ គឺស្មារតីនៃចិត្តសប្បុរសធម៌ចំពោះសត្វ កើតមានដល់មនុស្សគ្រប់រូប៕ដោយ៖សហការី


ចែករំលែក៖