ប្រធានាធិបតីអាមេរិកដែលគេស្គាល់ថា ជាបុគ្គលមានចរិតឆេវឆាវមិនអាចនៅស្ងៀមនោះ នៅពេលនេះលោកត្រាំបែរជារក្សាភាពស្ងប់ស្ងាត់ មិនធ្លាប់មានពីមុនមក ដោយមិនឆ្លើយរាល់សំណួរណាមួយពីក្រុមអ្នកសារព័ត៌មានឡើយ។
តាំងពីការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា មកទល់ពេលនេះ លោកបៃឌិន ត្រូវបានសារព័ត៌មានអាមេរិកផ្សាយថា ជាអ្នកជាប់ឆ្នោតប្រធានាធិបតីអាមេរិក ហើយលោកត្រាំតែងតែប្រតិកម្មជានិច្ចមិនដែលរក្សាភាពស្ងប់ស្ងាត់នោះឡើយ ។ ការស្ងប់ស្ងាត់នៅពេលនេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្តីសង្ឃឹមក្នុងការបន្តតំណែងដឹកនាំអាមេរិករបស់លោកកាន់តែបាត់បង់។ មួយវិញទៀតការប្តឹងផ្តល់របស់លោកក៏កាន់តែអស់សង្ឃឹម។
សារព័ត៌មានCNN បានផ្សាយថា នៅថ្ងៃទី២២ខែវិច្ឆិកា ជាពេលវេលាដែលលោកត្រាំរក្សាភាពស្ងប់ស្ងាត់បំផុតមិនធ្លាប់មានតាំងពីថ្ងៃបោះឆ្នោតទី៣វិច្ឆិកាមកទល់ពេលនេះ។ ជាមួយគ្នានេះដែរ លោកត្រាំក៏មិនមានវត្តមាននៅសេតវិមាន ក៏ដូចជាទីតាំងរដ្ឋាភិបាលឡើយ។
មិនត្រឹមតែលោកត្រាំទេ មន្ត្រីផ្សេងទៀតក្នុងរដ្ឋាភិបាលក៏មិនបាន ឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មានផងដែរ ។ អនុប្រធានាធិបតីអាមេរិក Mike Pence ក៏មិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតនៅអាមេរិកដែរ។
សកម្មភាពរបស់លោកត្រាំ បានធ្វើឲ្យអ្នកនយោបាយអាមេរិក ខឹងសម្បាយ៉ាងខ្លាំង ដោយធ្វើឲ្យ បាត់បង់ប្រជាប្រិយភាពរបស់អាមេរិកក៏ដូចជាប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យ ។ ជាមួយគ្នានេះដែរ តុលាការក្នុងរដ្ឋដែលក្រុមការងាររបស់លោកត្រាំប្តឹងក៏បានច្រានចោលពាក្យបណ្តឹងផងដែរ។ ទាំងនោះជាហេតុធ្វើឲ្យក្តីសង្ឃឹមរបស់លោកត្រាំត្រូវបាត់បង់អស់រលីង៕ដោយ៖ធី រីណា