ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់ អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងវេទិកាដ៏មានសារៈសំខាន់នេះសរុប ៤១៦នាក់ នៅទីធ្លាបរិវេណវត្តពន្លឺសាមគ្គី(ហៅវត្តស្រែគរ) ស្ថិតក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។
បញ្ហាប្រឈម និងសំណូមពរចំនួន៤០ដែលបានលើកឡើង អង្គវេទិកាបានដោះស្រាយភ្លាមចំនួន១៥សំណូមពរ នៅសេសសល់ ២៥បញ្ហាទៀត ដែលអាជ្ញាធរខេត្តយកទៅពិភាក្សានិងស្វែងរកដំណោះស្រាយបន្ត៕
ដោយ៖ សិលា