ភ្នំពេញ៖ តបតាមការអញ្ជើញ អគ្គរាជទូតនិងមន្ត្រីស្ថានទូតកម្ពុជា បានទៅបំពេញទស្សនៈកិច្ច ជួបពិភាក្សាការងារជាមួយលោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group និង DGB Bank នៅទីស្នាក់ការនាទីក្រុងថេហ្គូ ដែលបច្ចុប្បន្ន DGB Bank ក៏បាននឹងកំពុងមានប្រតិបត្តិការជាច្រើនសាខាផងដែរនៅកម្ពុជា។
លោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group បានថ្លែងអំណរគុណដល់ប្រតិភូស្ថានទូតកម្ពុជាដែលបានបំពេញទស្សនៈកិច្ចនៅទីស្នាក់ការកណ្ដាល ហើយនិងសូមថ្លែងអំណរគុណដល់ទូត ដែលបានជួយបង្កលក្ខណៈដល់ធនាគារ ក៏ដូចជាការគាំទ្រដល់សេវាកម្មធនាគារដែលកំពុងបំពេញប្រតិបត្តិការជាមួយនឹងប្រជាជន ក៏ដូចជាសហគមន៍ខ្មែរនៅប្រទេសកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះលោកប្រធានក៏បានស្នើសុំឲ្យទូត ជួយណែនាំបុគ្គលិកមួយចំនួន ដើម្បីកាន់មុខនាទីសំខាន់ៗក្នុងធនាគារ DGB Bank នៅកម្ពុជា។
ក្រោយដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីមកកាន់សាធារណរដ្ឋកូរ៉េ ក៏ដូចជាគោលនយោបាយ New Southern policy របស់លោកប្រធានាធិបតី មូន ជេអ៊ីន ប្រទេសកម្ពុជា និងកូរ៉េ បានដំណើរការការចរចាជុំទី៤ លើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី FTA រវាងប្រទេសទាំងពីរ ហើយកាន់តែល្អប្រសើរនោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្មីៗកន្លងទៅគឺសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្ដូរពាណិជ្ជកម្មសេរីរវាងប្រទេសនៃសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន អូស្រ្តាលី ញ៉ូសឺលេន ធំជាងគេលើពិភពលោកហៅកាត់ថា RCEP។ នេះជាឱកាស និងកាលានុវត្តភាពពិសេសមួយសម្រាប់វិនិយោគិនកូរ៉េ ហើយវិស័យធនាគារ-ហិរញ្ញវត្ថុ នឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌនៃការធ្វើពាណិជ្ជកម្មសេរីដ៏ធំនេះ។
ប្រតិភូទាំងពីរភាគី បានជជែកគ្នាដោយបរិយាកាសស្និទ្ធស្នាល និងទទួលទានអារហាររួមគ្នាផងដែរ៕
ដោយ៖ សិលា