ភាគច្រើនសាកសពដែលដាក់នៅក្នុងរថយន្តក្លាសេគឺជាសាកសពដែលមិនមានបងប្អូនឬក៏គ្រួសារមិនមានសមត្ថភាពក្នុងការរៀបចំពិធីបូជា។
មន្ទីរសុខាភិបាលទីក្រុងញូវយ៉ក បានឲ្យដឹងថា នៅមានសាកសពរាប់រយដែលស្លាប់ដោយកូវីដ-១៩ ស្ថិតនៅក្នុងរថយន្តក្លាសេចតនៅក្បែរអគាររក្សាសាកសពដែលបានបង្កើតឡើងកាលពីដើមឆ្នាំ ក្រោយពេលមានអ្នកស្លាប់ច្រើន។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានសពចំនួន៦៥០នាក់ត្រូវបានរក្សាក្នុងរថយន្តក្លាសេដោយមិនមានបងប្អូនមករៀបចំពិធីបូជា។ ជាទូទៅអ្នកស្លាប់ដោយកូវីដ-១៩ ត្រូវបានបូជាក្រោយប៉ុន្មានសប្តាហ៍មក ។ ប៉ុន្តែករណីអ្នកស្លាប់មានរយៈពេលជាច្រើនខែកន្លងមកហើយគឺត្រូវរក្សាសាកសពទុកក្នុងរថយន្តក្លាសេ។ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ក្នុងទីក្រុងញូវយកមានដល់ទៅជាង៣៤ពាន់នាក់។ បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩នៅអាមេរិកកើនឡើងជាង១២,៧លាននាក់ និងស្លាប់ជាង ២៦៣ពាន់នាក់។
ចំណែកចំនួនអ្នកឆ្លងលើផែនដីវិញគិតត្រឹមម៉ោង៧យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៥ប្រទេសហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន៥៩,៦៤០,៩២៦នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៤០៤,៤៧៩នាក់បានស្លាប់បាត់បង់ជីវិត និង ៤១,២៦៧,៧៨២នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕ដោយ៖ធី រីណា