ព័ត៌មានទាន់ហេតុការណ៍៖

សពអ្នកជំងឺកូវីដ​-១៩ដាក់នៅក្នុងរថយន្តក្លាសេក្នុងទីក្រុងញូវយ៉ក

ចែករំលែក៖

ភាគច្រើនសាកសព​ដែលដាក់នៅក្នុងរថយន្តក្លាសេ​គឺជាសាកសព​ដែលមិនមានបងប្អូនឬក៏គ្រួសារមិនមានសមត្ថភាព​ក្នុង​​ការរៀបចំពិធីបូជា​។
មន្ទីរសុខាភិបាលទីក្រុងញូវយ៉ក បានឲ្យដឹងថា នៅមានសាកសពរាប់រយដែលស្លាប់ដោយកូវីដ​-១៩​ ស្ថិតនៅក្នុងរថយន្តក្លាសេចតនៅក្បែរអគាររក្សាសាកសព​ដែលបានបង្កើតឡើង​កាលពីដើមឆ្នាំ​ ក្រោយពេលមានអ្នកស្លាប់ច្រើន។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានសពចំនួន​៦៥០នាក់ត្រូវបានរក្សាក្នុងរថយន្តក្លាសេដោយមិនមាន​បងប្អូនមករៀបចំពិធីបូជា។ ជាទូទៅអ្នកស្លាប់ដោយកូវីដ​-១៩ ត្រូវបានបូជា​ក្រោយប៉ុន្មានសប្តាហ៍មក ។ ប៉ុន្តែករណីអ្នកស្លាប់​មានរយៈពេលជាច្រើនខែកន្លងមកហើយ​​គឺត្រូវរក្សាសាកសពទុកក្នុងរថយន្តក្លាសេ។ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩​ក្នុងទីក្រុងញូវយកមានដល់ទៅជាង​៣៤ពាន់នាក់​។ បច្ចុប្បន្ន​ចំនួនអ្នកឆ្លងកូវីដ​-១៩នៅអាមេរិកកើនឡើងជាង​១២,៧លាននាក់ ​និងស្លាប់ជាង ២៦៣ពាន់នាក់​។
ចំណែកចំនួនអ្នកឆ្លងលើផែនដីវិញគិតត្រឹមម៉ោង​៧យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៥ប្រទេសហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន៥៩,៦៤០,៩២៦នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៤០៤,៤៧៩នាក់បានស្លាប់បាត់បង់ជីវិត និង ៤១,២៦៧,៧៨២នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕ដោយ៖ធី រីណា


ចែករំលែក៖