ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona បានបំបាក់ក្រុមម្ចាស់ផ្ទះមកពីក្រិច Dynamo Kyiv ក្នុងលទ្ធផល៤ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champion League វគ្គជម្រុះតាមពូល បើទោះបីការប្រកួតកាលពីរាត្រី២៤ឈានចូលថ្ងៃទី២៥ វិច្ឆិកានេះគ្មានខ្សែប្រយុទ្ធឆ្នើម Messiក៏ដោយ។
៤គ្រាប់ដែលក្រុមភ្ញៀវ Barcelona រកបានគឺនៅក្នុងការប្រកួតតង់ទី២ ដោយតង់ទី១មិនមានគ្រាប់បាល់កើតឡើងនោះទេ គ្រាប់ទី១រកបានដោយកីឡាករ Dest នៅនាទីទី៥២ គ្រាប់ទី២ និងទី៣ រកបានដោយកីឡាករ Braithwaite នៅនាទីទី៥៧ និងនាទីទី៧០(បាល់ពិន័យប៉េណាល់ទី) និងគ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Griezmannនៅម៉ោងបន្ថែមនាទីទី៩០+២ជិតចប់ការប្រកួតទៅហើយ។
ចំណែកក្រុមខ្លាំងមកពីអុីតាលី Juventus បានយកឈ្នះក្រុមភ្ញៀវ Ferencvaros ដោយលទ្ធផល២ទល់១ ដែលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបាន១គ្រាប់ដែរជួយឲ្យមានជ័យជម្នះនេះ។ នៅតង់ទី១ កីឡាករ Uzuni របស់ក្រុម Ferencvaros ជាអ្នករកគ្រាប់បាល់នាំមុខមុន ប៉ុន្តែនៅនាទីទី៣៥ ខ្សែប្រយុទ្ធ Cristiano Ronaldoរកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៩០+២ជិតចប់ការប្រកួតទៅហើយកីឡាករ Morata របស់ Juventus រកបាន១គ្រាប់ទៀត ធ្វើឲ្យក្រុមនេះទទួលបានជ័យជម្នះលើក្រុមភ្ញៀវ២ទល់១តែម្តង។
លទ្ធផលខាងលើនេះធ្វើឲ្យក្រុមអ្នកមានបុណ្យ Barcelona កក់កៅអីឡើងវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ទោះបីសល់២ប្រកួតទៀតក្នុងវគ្គជម្រុះតាមពូលក៏ដោយ ដោយក្រុមនេះឈរលេខ១ក្នុងពូលG មាន១២ពីន្ទុ ខណៈដែលក្រុម Juventus ឈរលេខ២ក្នុងពូលមាន៩ពិន្ទុ។
ក្រៅពីលទ្ធផលខាងលើនេះ ការប្រកួតកាលពីរាត្រីថ្ងៃទី២៤ក៏មានគូខ្លាំងៗមួយចំនួនទទួលបានលទ្ធផលល្អផងដែរដោយក្រុម Sevilla យកឈ្នះក្រុមភ្ញៀវ Krasnodar ២ទល់១, ក្រុមតោខៀវ Chelsea យកឈ្នះក្រុមម្ចាស់ផ្ទះ Rennes ២ទល់១, ក្រុម Lazio យកឈ្នះក្រុមភ្ញៀវ Zenit ៣ទល់១ និងក្រុមម្ចាស់ផ្ទះ Borussia Dortmund យកឈ្នះក្រុមភ្ញៀវ Club Brugge៣ទល់០ ៕
ដោយ៖ភារៈ