ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកអុសធ្វើឱ្យបាក់ភ្លៅខ្លួនឯងម្ខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៦កែងផ្លូវលំក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ម៉ូតូបង្កហេតុម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CA-8206 បើកបរដោយបុរសរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
រថយន្តម៉ាកហ៊្វុយសូ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំKCH-0033 អ្នកបើកបរមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះក្រោយកើតហេតុគេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូដែលជិះដោយបុរសរងគ្រោះខាងលេីបានបេីកចេញពីផ្លូវលំឡេីងមកផ្លូវជាតិក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកកង់រថយន្តដឹកអុសដែលកំពុងបេីកពីកេីតទៅលិចតាមបណ្តោយផ្លូវជាតិលេខ៦អាបណ្ដាលឱ្យដួលបាក់ភ្លៅម្ខាង ឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុអ្នកបើកបរបានព្យាយាមបើករត់បានប្រហែលជាង ២០០ម៉ែត្រក៏ឈប់រថយន្តបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំតំណាងម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ៖ រ៉ារ៉ា