ព័ត៌មានទាន់ហេតុការណ៍៖

ជាងកាត់សក់ម្នាក់ត្រូវរថយន្ដដឹកដីបេីកកិនពីលើស្លាប់ក្នុងថ្លុកឈាមនៅស្ថានីយបឹងត្របែក

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ដែលជាជាងកាត់សក់​ ត្រូវបានរថយន្តបែនដឹកដីបើកកិនពីលេីបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មបំផុត បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯអ្នកបេីករថយន្តបង្កមានឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 និងរថយន្តដឹកដីមួយគ្រឿងម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ​ ចង្កូតស្តាំ​ TK-1985 បើកស្របទិសគ្នា ខណៈពេលបើកមកដល់ត្រង់ចំណុចស្ថានីយបូមទឹក បឹងត្របែកក៏មានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ស្រាប់តែពេលនោះ រថយន្តដឹកដីដែលបេីកមកពីក្រោយបានកិនបុរសខាងលើស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

​ ក្រោយពេលកើតហេតុ រថយន្តដឹកដីខាងលើ បានបើកចេញពីកន្លែងកើតហេតុភ្លាមៗ​ តែត្រូវសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ក៏ត្រូវពលរដ្ឋឃាត់បាន​ ។

​ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងហើយបានយកម៉ូតូ​ និងរថយន្តព្រមទាំងជនបង្កទៅកាន់ការិយាល័យចរាចរណ៍ដើម្បីចាត់ការតាមនីតិវិធី​ ។ ចំណែកសពបុរសខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖