ភ្នំពេញ៖តើអ្នកណាខ្លះធ្លាប់ជួបបទល្មើសចរាចរណ៍ពីរករណី ដែលមន្រ្តីប៉ូលិសចរាចរណ៍តែងតែផាកពិន័យលើអ្នកបើកបរដែលល្មើស អស់ជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែបើយោងតាមច្បាប់ចរាចរណ៍ ពីរបទល្មើសនេះមិនត្រូវផាកពិន័យនោះទេ ហើយការពិន័យទៀតសោត ក៏មិនត្រូវតាមច្បាប់ដែរ។
ជាក់ស្តែងករណីទីមួយ៖ បត់ស្តាំពេលភ្លើងក្រហមកន្លងទៅពេលភ្លើងក្រហមអ្នកបើកបរមិនហ៊ានបត់ស្តាំទេ។ តែមានពីរចំណុចដែលត្រូវបញ្ជាក់៖
បើភ្លើងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ក្រហមបែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) គឺអ្នកបើកបរមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ។
តែភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមមិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) អ្នកបើកបរអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។
ករណីទីពីរ៖ បើកភ្លើងពេលថ្ងៃករណីនេះក៏ឧស្សាហ៍ជួបដែរគឺការបើកភ្លើងពេលថ្ងៃ ដែលពីមុនមានពលរដ្ឋរងការផាកពិន័យពីមន្រ្តីប៉ូលិសចរាចរណ៍។
ថ្លែងក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។
ភ្លើងពេលថ្ងៃនេះមិនមែនជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ។ បណ្តាប្រទេសអភិវឌ្ឍដូចជាអាមេរិក ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែលត្រូវបើកជាប់រហូតតែម្ដង ហើយរថយន្តមួយទឹកនាំចូលស្រុកខ្មែរភាគច្រើននាំពីអាមេរិក។
លោកឧត្តមសេនីយ៍ ថី វិសាល បានបញ្ជាក់ថា នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក៏ដូចជាព្រះរាជក្រឹត្យនៃមាត្រា ៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ធ្វើការផាកពិន័យទៅលើភ្លើងពេលថ្ងៃនោះទេ។ ទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។
ជាមួយគ្នានេះ លោក បញ្ជាក់ថា ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីអ្នកបើកបរភ្លេចបិទភ្លើងកូត ក៏មន្រ្ដីនគរបាលមិនត្រូវពិន័យដែរ៕
ដោយ៖សហការី