អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក និងក្រុមហ៊ុនដៃគូBioNTechរបស់អាល្លឺម៉ង់។ ការអនុម័តឲ្យប្រើប្រាស់នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះតែម្តង។
តាមសារព័ត៌មានBloomberg បានផ្សាយថា នាយកដ្ឋានគ្រប់គ្រងឱសថ និងចំណីអាហារសុខភាពរបស់អង់គ្លេស (MHRA) បានចាប់ផ្តើមដំណើរការវាយតម្លៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនទាំងពីរខាងលើ។
សារព័ត៌មាន Financial Times បានផ្សាយថា រដ្ឋាភិបាលអង់គ្លេសនឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដល់ពលរដ្ឋ នៅថ្ងៃទី៧ខែធ្នូ។ អង់គ្លេសគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយកូវីដ-១៩ខ្ពស់បំផុត ក្នុងតំបន់អឺរ៉ុបគឺមានដល់ទៅ៥៨ពាន់នាក់។
ក្រៅពីនេះអង់គ្លេសក៏បានបញ្ជាទិញវ៉ាក់សាំងជាង១០០លានដូសផលិតដោយក្រុមហ៊ុនAstraZeneca និងមហាវិទ្យាល័យOxford របស់អង់គ្លេសដើម្បីឲ្យប្រើប្រាស់មុនថ្ងៃបុណ្យគ្រិឹស្តស្មាស់។
ចំណែកនៅអាមេរិកវិញ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា នឹងចែកចាយវ៉ាក់សាំង នៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីចាក់បង្ការការឆ្លងកូវីដ-១៩ដល់ពលរដ្ឋ ហើយបុគ្គលដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺក្រុមគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកា និងមនុស្សចាស់។
ចំណែកឥណ្ឌាវិញ ក៏ដូច្នេះដែរ នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់Oxford – AstraZeneca ក្នុងរយៈពេល២សប្តាហ៍ខាងមុខ៕ដោយ៖ធី រីណា