ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារដង្ហោយរកកូនស្រីដែលចាកចោលផ្ទះរយៈពេល៦ថ្ងៃឱ្យត្រឡប់មកផ្ទះវិញនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមគ្រួសារបាននិងកំពុងដង្ហោយរកកូនស្រីដែលរស់នៅក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបានចាកចេញពីផ្ទះចាប់តាំងពីថ្ងៃទី២៥រហូតមកដល់ថ្ងៃទី៣០ខែវិច្ឆិកា២០២០ មានរយៈពេល៦ថ្ងៃឱ្យត្រឡប់មកផ្ទះវិញខណៈធ្វើឲ្យសាច់ញាតិមានការបារម្ភជាខ្លាំងខ្លាចកូនមានគ្រោះថ្នាក់ដោយប្រការណាមួយ។

អ្នកស្រី ម៉ៅ សាវ៉េត អាយុជាង៤០ឆ្នាំ បានរៀបរាប់ពីប្រទេសម៉ាឡេស៊ីថា ខ្លួនគាត់ជាស្ត្រីមេម៉ាយបានទៅធ្វើនៅប្រទេសម៉ាឡេស៊ីជាង១០ឆ្នាំមកហើយ ដោយបានទុកកូនស្រីជាទីស្រឡាញ់ផ្ញើជាមួយយាយតាឱ្យមើលថែនៅស្រុកកំណើត ហើយបានផ្ញើថវិកាឱ្យកូនរៀនរហូតចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យស្វាយរៀង។

អ្នកស្រីបានបន្តថា អ្នកស្រីបានបែកពីស្វាមីតាំងតែពីកូននៅក្នុងផ្ទៃពោះមកម្ល៉េះ ហើយបានតស៊ូចិញ្ចឹមកូនរហូតបានចូលរៀនតាំងពីសាលាបឋមសិក្សា រហូតដល់ថ្នាក់សាកលវិទ្យាល័យ។

នៅពេលថ្មីៗនេះ កូនស្រីរបស់អ្នកស្រីបានធ្វើការឲ្យក្រុមហ៊ុនមួយ ហើយក៏មានគូដណ្ដឹងផងដែរ។ ដោយក្តីស្រលាញ់កូនអ្នកស្រីតែងតែតេទូរស័ព្ទជួបកូនជារៀងរាល់ថ្ងៃ ព្រោះអ្នកស្រីមិនអាចវិញមកស្រុកខ្មែរបានទេ ដោយសារជំងឺកូវីដ-១៩ ហើយមានការនឹករឭកដល់កូនជាពន់ពេក។

អ្នកស្រីបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីឈ្មោះម៉ៅ គន្ធា អាយុ២០ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានចាកចេញពីផ្ទះដោយមិនដឹងមូលហេតុ និងមិនឃើញវិលត្រឡប់មកផ្ទះវិញនោះទេ ធ្វើឲ្យសាច់ញាតិក៏ដូចជា រូបអ្នកស្រីផ្ទាល់មានការបារម្ភជាខ្លាំងខ្លាចកូនមានគ្រោះថ្នាក់ដោយប្រការណាមួយ។

អ្នកស្រីសូមអំពាវនាវដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានឃើញរូបកូនស្រីមានភិនភាគដូចក្នុងរូបថត សូមជួយប្រាប់ឲ្យវិលត្រឡប់មកផ្ទះវិញផង ព្រោះម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៨ ០៧០ ២២៥ និង ០៧១ ៧ ៧៧៥ ១៥២៕ យឹម សុថាន

 


ចែករំលែក៖