ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីណែនាំបន្ថែម៖ ស្តីពី វិធានការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីណែនាំបន្ថែម៖ ស្តីពី វិធានការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកា និង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”នាពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមសូមធ្វើការ ក្រើនរំលឹកសារជាថ្មី ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រប់អង្គភាពចំណុះក្រសួង មេត្តាចូលរួមសហការ អនុវត្តឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖

– ត្រូវរក្សាអនាម័យ ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងសម្អាតដៃជាមួយទឹកអាល់កុលឬសាប៊ូ ជាប្រចាំ និងគោរពតាមគោលការណ៍ណែនាំស្តីពីគម្លាតសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ 

– ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ដែលមានការពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ដោយផ្ទាល់ ឬប្រយោល ត្រូវរាយការណ៍ជូនប្រធានអង្គភាព និងសូមទៅតេស្តរកមេរោគកូវីដ-១៩ ព្រមទាំងចាត់ធ្វើចត្តាឡីស័កដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។ 

– គ្រប់ទីតាំង នៃអង្គភាពក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យវាស់កម្ដៅ បាញ់អាល់កុល និងតម្រូវ ឲ្យពាក់ម៉ាស់ចំពោះមន្ត្រីរាជការ និងភ្ញៀវដែលចេញ -ចូល ក្នុងករណីមានភាពមិនប្រក្រតីនឹង មិនអនុញ្ញាតឲ្យចូលជាដាច់ខាត ។

– ត្រូវជូតសម្អាតនឹងទឹកអាល់កុល ឬសាប៊ូសម្លាប់មេរោគនូវឧបករណ៍ បរិក្ខារ ទីកន្លែងប្រជុំ…។ល។ ដែលមានការប៉ះពាល់ប្រើប្រាស់រួមគ្នាជាប្រចាំ ។

* គ្រប់ឯកសារត្រូវបាញ់ថ្នាំសម្លាប់មេរោគ ចំណែកមន្ត្រីចរាចរណ៍ឯកសារត្រូវពាក់ម៉ាស់ឲ្យបាន ជាប់ជាប្រចាំ និងត្រូវពាក់ស្រោមដៃការពារហើយត្រូវលាងដៃដោយទឹកអាល់កុល ឬសាប៊ូ នៅមុន និងក្រោយពេលកាន់ឯកសារ ។

– គ្រប់អង្គភាពទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី 

– បន្តតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែល ជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនប្រធានអង្គភាព និងទំនាក់ទំនងទូរស័ព្ទ ទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ជាបន្ទាន់ ។

ទទួលបានសេចក្តីណែនាំនេះ សូមឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម ត្រូវចូលសហការអនុវត្ត តាមសេចក្តីណែនាំ អោយមានប្រសិទ្ធខ្ពស់ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖