ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសសិស្សសាលាដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបើកបុកស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦និង៧ ស្ថិតក្នុងភូមិ អកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះប៉េង កំសាន្ត អាយុ៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្ដមិនត្រូវបានស្គាល់ឈ្មោះនោះទេដោយគ្រាន់តែដឹងថាបើករថយន្តកូរ៉េ ពណ៌ ស មិនចាំស្លាកលេខ ក្រោយបង្កហេតុបានបើករថយន្តរត់គេចទៅទិសខាងជើងបាត់ស្រមោលទៅ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានដើរឆ្លងផ្លូវពីកើតទៅលិចខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តមួយគ្រឿងបើកឆ្លងផ្លូវពីត្បូងមកជើងចាប់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសពត្រូវបានសមត្ថកិច្ចនគរបាលក្រុងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ យឹម សុថាន


ចែករំលែក៖