ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅពន្ធនាគារស្រីលង្កាស្លាប់និងរបួសជាង​៤០នាក់ពាក់ព័ន្ធកូវីដ-១៩

ចែករំលែក៖

នៅក្នុងប្រទេសស្រីលង្កា ការឆ្លងរាលដាលកូវីដ​-១៩ កាន់តែកើនឡើងខ្ពស់ ​ជាពិសេសនៅក្នុងពន្ធនាគារ ដែលមានអ្នកទោសច្រើន​។​ អ្នកទោសបាននាំគ្នា​តវ៉ា​​នៅតាមពន្ធនាគារនានា​ ក្រោយពីអ្នកទោសជាច្រើនបានឆ្លងកូវីដ​-១៩ ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា មានសាច់ញាតិអ្នកទោសប្រមាណ៥០០នាក់ ​បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ​ស្នើឲ្យមន្ត្រីពន្ធនាគារផ្តល់ព័ត៌មាន​​ពីអ្នកទោស និង ធានាសុវត្ថិភាព​ដល់ អ្នកទោសទាំងអស់ ។
នៅថ្ងៃទី៣០ខែវិច្ឆិកា​​ មន្ត្រីស្រីលង្កា បានប្រកាសឲ្យដឹងថា មានអំពើហិង្សា​កើតឡើងនៅពន្ធនាគារ Mahara បណ្តាលឲ្យអ្នកទោស ៦នាក់ស្លាប់ និង៣៥នាក់រងរបួស​​ ពេលប៉ូលិស​បាញ់កាំភ្លើង​បំបែកក្រុមអ្នកទោសធ្វើបាតុកម្ម។
អ្នកនាំពាក្យស្នងការប៉ូលិស ស្រីលង្កា​លោក​Ajith Rohana បានបញ្ជាក់ថា អំពើហិង្សាកើតឡើង នៅថ្ងៃទី​២៩ ខែវិច្ឆិកា នៅពន្ធនាគារMahara ចម្ងាយពីទីក្រុង Colombo ១៥គីឡូម៉ែត្រនៅភាគខាងជើង​។ ​លោកបន្តទៀតថា កម្លាំងសន្តិសុខបានសម្រេចផ្ទុះអាវុធ ក្រោយពេលអ្នកទោសព្យាយាមគ្រប់គ្រងពន្ធនាគារ។ អ្នកទោសបានបំផ្លាញសម្ភារទ្រព្យសម្បត្តិ នៅក្នុងពន្ធនាគារស្ទើរតែទាំងស្រុង​។
តាមតួលេខបង្ហាញឲ្យឃើញថា មានអ្នកទោស​ជាង​១ពាន់នាក់នៅក្នុងពន្ធនាគារចំនួន​៥ផ្សេងគ្នា​ធ្វើតេស្តរកឃើញឆ្លងកូវីដ​-១៩​​ និង​២នាក់ស្លាប់ ។​ ចំណែកឆ្មាំគុក​៥០ នាក់ក៏បានឆ្លងកូវីដ-​១៩ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖