ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ប្រកាសថាមិនមានភស្តុតាងបញ្ជាក់ថាមានការបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកBill Barr បញ្ជាក់ថា មិនមានភស្តុតាងណាមួយបង្ហាញពីការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០នោះទេ។
លោក​Bill Barr បន្តទៀតថា «មកទល់ពេលនេះយើងមិនទាន់រកឃើញមានការបន្លំទ្រង់ទ្រាយធំដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនោះឡើយ​»។
រដ្ខមន្ត្រី​ Bill Barr បានប្រកាសខាងលើគឺផ្ទុយពីប្រធានាធិបតីដូណាល់ ត្រាំ​ដែលតែងតែចោទប្រកាន់ថា​ មានការបន្លំសន្លឹកឆ្នោត​ហើយព្យាយាម​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោត​​ មិនព្រមចុះចាញ់នោះឡើយ។
កាលពីខែវិច្ឆិការដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើចៅក្រមបណ្តារដ្ឋបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការបន្លំសន្លឹកឆ្នោត​ឲ្យបានច្បាស់បំផុត​បញ្ចៀសការចេញសេចក្តីប្រកាសខុសពីការណ៍ពិត ។
ការបោះឆ្នោតអាមេរិកកាលពីថ្ងៃទី​៣ខែវិច្ឆិកា លោកបៃឌិន ទទួលបានកៅអីតំណាងដល់ទៅ៣០៦ ចំណែកលោកត្រាំទទួលបានតែ២៣២កៅអីតំណាង។ ចំណែកសន្លឹកឆ្នោតសកលវិញ គឺលោកបៃឌិនលើសលោកត្រាំដល់ទៅជាង ៦,២លានសន្លឹក។
ក្រោយការប្រកាសរបស់ក្រសួងយុត្តិធម៌ លោកត្រាំ​អស់ឱកាសក្នុងការកែប្រែលទ្ធផលបោះឆ្នោត ប្រធានាធិបតី។ ប៉ុន្តែមកទល់ពេលនេះ លោកត្រាំ នៅមិនព្រមចុះចាញ់​នៅឡើយទេ ៕

ដោយ៖ធី រីណា


ចែករំលែក៖