បុគ្គលិកសុខាភិបាលអាមេរិកជាច្រើនបានប្រកាសថាមិនទាន់ត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយទេ ដោយសារតែនៅមានមន្ទិលសង្ស័យទៅលើប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយសារតែការធ្វើតេស្តមានរយៈពេលខ្លី។
គិលានុបដ្ឋាយិកាអាយុ៥៥ឆ្នាំឈ្នោះYolanda Dodsonបាននិយាយទៅកាន់សារព័ត៌មាន AFPថា«ខ្ញុំគិតថា ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅពេលក្រោយ តែពេលនេះមិនទាន់ចាក់នោះទេ»។
ខែធ្នូនេះ ពលរដ្ឋអាមេរិកប្រមាណ២០លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ប៉ុន្តែការស្ទង់មតិរបស់ Gallup បង្ហាញឲ្យឃើញថាមានពលរដ្ឋដល់ទៅជាង៤០ភាគរយប្រកាសថានឹងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឡើយ។
ដោយសារតែមានពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងច្រើនទើបលោក Robert Litan មន្ត្រីមកពីមជ្ឈមណ្ឌលBrookings បានលើកឡើងគម្រោងពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានទឹកប្រាក់១ពាន់ដុល្លារជាការលើកទឹកចិត្ត។ ប៉ុន្តែគម្រោងនោះមិនដឹងថាក្លាយជាការណ៍ពិតដែរឬទេ។ ដើម្បីជួយផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំង អតីតប្រធានាធិបតីអាមេរិក Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ហើយបានចាក់ដោយមានការថតរូបភាពវីដេអូ ក្នុងគោលដៅផ្សព្វផ្សាយពីការទុកចិត្តដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter គិតត្រឹមម៉ោង១៨និង៣០នាទី(ម៉ោងនៅកម្ពុជា) ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៦៤,៩៥៣,៣២២នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៥០១,៦០២នាក់បានស្លាប់ និង ៤៥,០៤៣,៥៩៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញផងដែរ ៕ដោយ៖ធី រីណា