ភ្នំពេញ៖ នាថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណសង្កាត់បឹងត្របែកក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន២០គ្រួសារ រស់នៅសង្កាត់បឹងត្របែក។
នាឱកាសនោះ ក្នុងនាមតំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា–មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។
ក្នុងអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី២ដប ទឹកសុីអុីវ២ដបស្ករស១គីឡូក្រាមទឹកដោះគោ១កំប៉ុង ត្រីខ៣កំប៉ុង អាល់កុល១ដបម៉ាស១០ សាប៊ូ១ដុំ និងថវិកាចំនួន២ម៉ឺនរៀល ៕ដោយ៖ស តារា