ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរោងចក្រចម្រាញ់ប្រេងមួយនៅអាហ្រ្វិកខាងត្បូង

ចែករំលែក៖

ពលរដ្ឋដែលរស់នៅចម្ងាយពីរោងចក្រចម្រាញ់ប្រេងដល់ទៅ២៥ គីឡូម៉ែត្រ ក៏ឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង​​ដែរ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់ឬរងរបួសក្នុងហេតុការណ៍ផ្ទុះនោះនៅឡើយទេ ។ កម្លាំងប៉ូលិស ក្រុមពន្លត់អគ្គិភ័យ និងរថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុភ្លាមៗ។
ប៉ូលិសអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងនេះកើតឡើងនៅព្រឹកថ្ងៃទី​៤ ខែធ្នូ​​ ហើយសំឡេងផ្ទុះខ្លាំងធ្វើឲ្យកក្រើករោងចក្ររបស់ក្រុមហ៊ុនEngen ស្ថិតនៅក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង​។
ក្រុមហ៊ុន Engen​បានប្រកាសថា​រោងចក្រដែលផ្ទុះនោះអាចចម្រាញ់ប្រេង​​ឆៅបានដល់ទៅ​១២០​ពាន់បារ៉ែលក្នុងមួយថ្ងៃ​។ ក្រុមហ៊ុនខាងលើ ជារបស់ក្រុមហ៊ុនPetronas ប្រទេសម៉ាឡេស៊ី​។
អាហ្វ្រិកខាងត្បូង មាន​រោងចក្រចម្រាញ់ប្រេងចំនួន​៦​ក្នុងនោះមាន​៤រោងចក្រចម្រាញ់ប្រេងឆៅ និង​២រោងចក្រចម្រាញ់ប្រេងចម្រុះ​។
កាលពីដើមឆ្នាំ​២០២០ រោងចក្រចម្រាញ់ប្រេងAstron Energy ដែលជារោងចក្រធំលំដាប់ទី៣​នៅអាហ្វ្រិកខាងត្បូង​ក៏បានផ្ទុះឆេះ ហើយរោងចក្រនោះអាចចម្រាញ់ប្រេងបានដល់ទៅ​១សែនបារ៉ែលក្នុងមួយថ្ងៃ​៕ដោយ៖ធី រីណា


ចែករំលែក៖