ភ្នំពេញ៖ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ-១៩។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ចូលមកប្រទេសកម្ពុជា ចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តទៅគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បើលិខិតលេខ ២៥០ សខល ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្ដីការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ចូលមកប្រទេសកម្ពុជា ចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដូចខាងក្រោម៖
ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ពេញលេញ ចំពោះគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានធ្វើតេស្តពេលមកដល់កម្ពុជា។ អ្នកដំណើរទាំងអស់ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់ សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ដោយប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ-១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ។
ផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តយន្តការធានា (Sponsorship Mechanism) ចំពោះអ្នកដំណើរ បរទេសជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលទទួលបានការ ធានា ចូលមកប្រទេសកម្ពុជារយៈពេលតិចជាង ១៤ថ្ងៃ រហូតដល់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ មានភាពធូរស្រាល និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ជាថ្មីពី សម្តេចតេជោនាយករដ្ឋមន្ត្រី។ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន ភ្លាម តាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ឲ្យបាន ឆាប់រហ័ស ដើម្បីបង្កលក្ខណៈឱ្យអ្នកមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ចេញមុខទាក់ទងមកក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជួយក្នុងការយកសំណាក និងការងារអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលសហគមន៍៕
ដោយ៖ សុខ ខេមរា